កម្មវិធីលើកកម្ពស់សមត្ថភាពវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដល់យុវតីកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥-- យុវនិស្សិតស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យ បានចូលរួមជាមួយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំកម្មវិធីលើកកម្ពស់សមត្ថភាពវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដល់យុវតីកម្ពុជា។ កម្មវិធីនេះមានរយៈពេល១០សប្តាហ៍ ដោយផ្តល់ឱកាសដល់យុវតីតំណាងមកពីវិទ្យាល័យនៅរាជធានីភ្នំពេញចំនួន១១០នាក់បានចូលរួមក្នុងសកម្មភាពចំនួន៤ រួមមាន៖ ១. ការជួបជាមួយវាគ្មិនកិត្តិយសជាស្រ្តីដើម្បីចែករំលែកបទពិសោធន៍នៃជីវិត និងការរស់នៅ។ ២. ការសិក្សាលើវិធីសាស្ត្រស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ៣. ការសាកល្បងអនុវត្តជាក់ស្តែងលើការពិសោធន៍វិទ្យាសាស្រ្ត និង៤. ការចងក្រងជាក្រុមដើម្បីផលិតជាវត្ថុគំរូស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។

នៅសប្តាហ៍ទី៣នៃកម្មវិធីនេះ យុវតីទាំង១១០រូបបានទទួលឱកាសជួបជាមួយវាគ្មិនកិត្តិយស២រូប រួមមាន អ្នកស្រី យឹម សុធារី នាយិកាមជ្ឈមណ្ឌលស្នេហា (Sneha Centre) និងអ្នកស្រី អ៉ឹមផាន វណ្ណឌី នាយិកាក្រុមហ៊ុនគ្រឿងអលង្ការ ស៊ី ប៊ី វី អេច (CBVH)។


ជំនួបរវាងយុវតីកម្ពុជា និងស្រ្តីកម្ពុជាទាំង២រូប ដែលមានបទពិសោធន៍លើការអប់រំផ្លូវចិត្ត និងផ្នត់គំនិតសម្រាប់ស្រ្តី បានអនុញ្ញាតអោយយុវតីទាំងអស់ បានលើកកម្ពស់ការត្រិះរិះពិចារណា ការឆ្លុះបញ្ចាំងចំពោះខ្លួនឯង ការរំលឹកដល់គុណូបការគុណនៃមាតាបិតា គ្រួសារ និងសង្គម ដែលត្រួសត្រាយ និងបំភ្លឺជាមាគ៌ានៃកសាងសមត្ថភាពផ្ទាល់ខ្លួន ក្នុងការអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





