មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មានលើកឡើងថា ព័ត៌មានពិតត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងលឿនរហ័ស ពិតជាមានសារៈសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃពិសេសសម្រាប់ជនមានពិការភាព
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ --ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើងថា ព័ត៌មានពិតត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងលឿនរហ័ស ពិតជាមានសារៈសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃពិសេសសម្រាប់ជនមានពិការភាពដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ។ ការលើកឡើងរបស់ឯកឧត្ដមបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ» ដែលរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជានិងអង្គការជនពិការកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម ស្លេះ អាល់ហ្វីន មានប្រសាសន៍ថា ខណៈបច្ចេកវិទ្យាជាពិសេសបច្ចេកវិទ្យានៃប្រព័ន្ធផ្សព្វផ្សាយកាន់តែរីកចម្រើនដែលមួយផ្នែកបានជួយលើការងារផលិតកម្ម ការច្នៃប្រឌិតនិងនវានុវត្តន៍ មួយផ្នែកទៀតបានបង្កជាបញ្ហាប្រឈមដូចជាការកើនឡើងនៃព័ត៌មានក្លែងក្លាយគ្រប់ប្រភេទ ពាក្យសម្អប់ ការបន្តុះបង្អាប់អនឡាញ និងការរើសអើង ដែលផ្តល់ផលជះអវិជ្ជមានដល់បុគ្គល គ្រួសារ និងសង្គមជាតិ។ ឯកឧត្ដមអនុរដ្ឋលេខាធិការបានបញ្ជាក់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដូចជា Deepfake ដែលជាបច្ចេកវិទ្យាធ្វើការបន្លំ និងត្រាប់តាមរូបភាព វីដេអូ និងសំឡេងរបស់បុគ្គលណាម្នាក់ដែលជាក់ស្តែងបុគ្គលនោះមិនបាននិយាយឫធ្វើសកម្មនោះក្នុងគោលបំណទុច្ចរិតបង្ករផលប៉ះពាល់ណាមួយបានក្លាយជាបញ្ហាកាន់តែស្មុគស្មាញក្នុងការទទួលបានព័ត៌មានពិតត្រឹមត្រូវ។ ឯកឧត្ដមបានឱ្យដឹងទៀតថា ចំពោះជនមានពិការភាពកំពុងស្ថិតក្នុងក្រុមងាយរងគ្រោះពីបញ្ហាទាំងនេះ ដែលទាមទារកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីដោះស្រាយ។

ជាមួយគ្នានេះ ឯកឧត្តម ស្លេះ អាល់ហ្វីន បានថ្លែងបញ្ជាក់ថា ក្រសួងព័ត៌មាន បានខិតខំធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ស្របតាមបរិវត្តកម្មឌីជីថល និងស្របពេលគ្នានេះខិតខំអភិរក្ស និងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយប្រពៃណីដើម្បីធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាល និងជនមានពិការភាពដែលមិនអាចភ្ជាប់សេវាអ៊ិនធើណេត និងមិនបានប្រើប្រាស់បណ្តាញសង្គម។ ឯកឧត្ដមអនុរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថាក្រសួងខិតខំពង្រីកវិសាលភាពគ្របដណ្តប់នៃការផ្សាយ ពង្រឹងគុណភាពនៃមាតិកា និងជំរុញនវានុវត្តន៍ស្របតាមតម្រូវការសង្គម។ រីឯក្នុងកម្រិតតំបន់វិញ ក្រសួងព័ត៌មានរួមជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀតកំពុងរៀបចំគោលការណ៍ណែនាំអាស៊ានស្តីពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាពនិងទំនួលខុសត្រូវ ដែលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះតម្រូវការជនមានពិការភាពដូចជាតម្លាភាពនៃការរាយការណ៍តាមរយៈការប្រើប្រាស់ Speech to Text ជាដើម។

លើសពីនេះទៀត ដើម្បីលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូរបស់ជនមានពិការភាព ឯកឧត្តមអនុរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ និងជានិយាមអប្បបរិមាសម្រាប់សកម្មភាពផ្សព្វផ្សាយក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ផ្នែកទី៤ ស្តីពីគណនេយ្យភាពសង្គម ចំណុចទី១៣ បានចែងថា « អ្នកអនុវត្តន៍សកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ មិនត្រូវឆ្លៀតឱកាសកេងចំណេញលើភាពទន់ខ្សោយ ភាពងាយរងគ្រោះ អសមត្ថភាពផ្លូវចិត្ត ឬរាងកាយរបស់បុគ្គលណាម្នាក់ ឬក្រុមណាមួយដើម្បីផ្សព្វផ្សាយ មិនត្រូវប្រើពាក្យរិះគន់ ឬបន្តុះបង្អាប់ប៉ះពាល់ដល់ជនមានពិការភាព តម្លៃស្ត្រីនិងកុមារ អ្នកជំងឺផ្លូវកាយនិងផ្លូវចិត្តជាដើម។»

សូមជម្រាបជូនថា សិក្ខាសាលាស្តីពី«ការលើកកម្ពស់សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ» ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការផ្សព្វផ្សាយអំពីសិទ្ធិរបស់ជនមានពិការភាព និងលើកកម្ពស់សិទ្ធិទទួលព័ត៌មានគ្រប់ជ្រុងជ្រោយរបស់ជនមានពិការភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយ៕
ដោយ៖ រិទ្ធី





