ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមគោលការណ៍បៃតង និង បរិយាបន្ន» ដល់មន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ រាជធានី-ខេត្តទាំង២៥
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥-- វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ របស់អង្គការសហប្រជាជាតិ ក្នុងគម្រោងភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតងនៅកម្ពុជា (UNITAR/PAGE) បានបើកវគ្គបណ្តុះបណ្តាលជាស៊េរីស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និងបរិយាបន្ន» ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងស្ថាប័ន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីចាត់ការហិរញ្ញវត្ថុនៃរដ្ឋបាល រាជធានី-ខេត្តទាំង២៥។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ និងអញ្ជើញចូលរួមពីលោក ស្ហាគីល អាហម៉ាត់ (Shakeel Ahmad) អ្នកតំណាងរងនៃកម្មវិធីអភិវឌ្ឍសហប្រជាជាតិនៅកម្ពុជា និងលោក វុឡាដឺមៀ រ៉ូជែនស្គី (Vladimir ROJANSKI) ប្រធានកម្មវិធីហិរញ្ញវត្ថុ និងវិនិយោគបៃតង នៃសហភាពអ៊ឺរ៉ុបនៅកម្ពុជា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តផ្តល់អាទិភាពខ្ពស់លើការកសាង និងការអភិវឌ្ឍសមត្ថភាព ដោយបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទី១ ក្នុងរបៀបវារៈនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយប្រកាន់ខ្ជាប់អភិក្រម «ជវភាពប្រព័ន្ធតួអង្គតែមួយ» សំដៅលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះ និងជាមធ្យោបាយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការឈានទៅសម្រេចចក្ខុវិស័យ «ប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០»។

ឯកឧត្តមបណ្ឌិតសភាចារ្យបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤ - ២០៣៣ ដែលជាផែនទីបង្ហាញផ្លូវគោលនយោបាយជាតិតែមួយគត់ ដោយគ្របដណ្តប់លើមហិច្ឆតាក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់អភិបាលកិច្ចបរិស្ថាន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ថែមថា សកម្មភាពបៃតង និងបរិយាបន្ន ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលមិនត្រឹមតែមានការចូលរួមពីស្ថាប័នរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ក៏ត្រូវមានការចូលរួម ប្រកបដោយស្មារតីស្ថាបនា និងភាពជាដៃគូស្អិតរមួតពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មនុស្សជាតិទាំងមូល។ ជាមួយគ្នានេះ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍដំបូងគេ ដែលបានអនុម័ត «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង ដើម្បីជំរុញការអភិវឌ្ឍបៃតង ដែលបញ្ចេញកាបូនតិច» និងបានដាក់ចេញកាលពីឆ្នាំ២០១៣ នូវ «ផែនការយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍបៃតង ឆ្នាំ ២០១៣ - ២០៣០»។ លើសពីនេះ គម្រោង UN PAGE (Partnership for Action on Green Economy) នៅកម្ពុជា ត្រូវបានប្រកាសឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដោយមានក្រសួងបរិស្ថាន ជាអ្នកសម្របសម្រួលការអនុវត្ត និងមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសរំលចបន្ថែមអំពីសារៈសំខាន់នៃការងារកសាង និងអភិវឌ្ឍសមត្ថភាពជូនមន្ត្រីរាជការ ពិសេសវគ្គបណ្តុះបណ្តាល «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និងបរិយាបន្ន» នាពេលនេះពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ក្រសួងស្ថាប័នអនុវត្តការអភិវឌ្ឍបៃតង និងបរិយាបន្ន ដែលត្រូវផ្សារភ្ជាប់នឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីសម្រេចបាននូវកំណើនបៃតងប្រកបដោយបរិយាបន្ន ខណៈដែលសិទ្ធិអំណាច ភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរទៅឱ្យក្រសួងស្ថាប័ន និងមន្ទីរអង្គភាពក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំ និងការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា សំដៅចូលរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕
ដោយ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)





