ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥-- ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ៖ «អាស់សាឡាមូអា ឡៃគុមកម្ពុជា៖ គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅបរិវេណនៃវិហារអាល់សារកាល់ (វិហារឥស្លាមបឹងកក់) ដែលមានអាសយដ្ឋានផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍។

ក្នុងសេចក្តីជូនដំណឹង ក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើរៀបចំឡើងក្នុងគោលបំណង៖ ១. សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្តសម្រាប់ទេសចរគ្រប់ជាតិសាសន៍មកពីគ្រប់ទិសទី។ ២. ដើម្បីបង្ហាញពីភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍កម្ពុជា ដែលសមស្របជាមួយទីផ្សារទេសចរណ៍ មូស្លីម និងស្តង់ដាមូស្លីមហ្វ្រេនលីកម្ពុជា និង ៣. ការត្រៀមលក្ខណៈសម្បត្តិក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីមឱ្យស្របតាមនិន្នាការ និងតម្រូវការទីផ្សារទេសចរណ៍មូស្លីមជាតិ-អន្តរជាតិ ប្រកបដោយ បរិយាបន្ន និងនវានុវត្តន៍។

វេទិកានេះនឹងមានវាគ្មិនជាអ្នកជំនាញទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគមន៍មូស្លីម ធុរ ជន និងវិស័យឯកជន ដែលនឹងជជែកពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធល្អៗ និងផ្តល់ធាតុចូលបន្ថែមក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន។
ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ក៏នឹងមានការរៀបចំស្តង់ពិព័រណ៍ទេសចរណ៍មូស្លីម ដែលដាក់បង្ហាញនូវសេវាកម្ម និងផលិតផលទេសចរណ៍នៅបរិវេណនៃទីតាំងខាងលើផងដែរ។ ក្នុងន័យនេះ សម្រាប់ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ផ្នែករដ្ឋ-ឯកជន សហគ្រិនមូស្លីម ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចូលរួម និងដាក់បង្ហាញផលិតផល សេវាកម្មរបស់ខ្លួនតាមរយៈស្តង់ពិព័រណ៍ខាងលើ សូមទំនាក់ទំនងមកកាន់លេខាធិការដ្ឋាននៃក្រុមការងារទេសចរណ៍មូស្លីម តាមរយៈអាសយដ្ឋានអ៊ីម៉ែល: muslim-friendly @tourism.gov.kh និងទូរសព្ទលេខ ០៩៦ ៩៩៧ ០៥០៥/ ០៩៧ ៩៥៨ ៤១០២/០៩០ ៥៦៩ ០៨៦៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





