តំណាងកសិករខេត្តបាត់ដំបង និងកំពង់ចាម ៣៤នាក់ ចុះ «កិច្ចសន្យាទិញលក់»ជាមួយសហគ្រាស លាង ឡេង និងរីងហ្គាខេម
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥--ក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ បានជួយសម្របសម្រួលដល់តំណាងកសិករចង្កោមអាជីវកម្មគ្រឿងទេសមកពីខេត្តបាត់ដំបង និងកំពង់ចាមចំនួន ៣៤នាក់ ដើម្បីចុះ «កិច្ចសន្យាទិញលក់» ជាមួយសហគ្រាសកែច្នៃគ្រឿងផ្សំចំណីអាហារ និងគ្រឿងទេស «លាង ឡេង» និង «រីងហ្គាខេម» ស្ថិតនៅរាជធានីភ្នំពេញ។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងអំឡុងពេលមានដំណើរទស្សនកិច្ចសិក្សាមួយ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រគំរូអាជីវកម្ម ដោយមានកិច្ចសហការគ្នារវាងគម្រោង អេមស៍ (AIMS) របស់ក្រសួងពាណិជ្ជកម្ម និងមន្ទីពាណិជ្ជកម្មខេត្ត ក្នុងគោលបំណងបង្កើតកិច្ចសហការ ភាពជាដៃគូអាជីវកម្មរវាងចង្កោមអាជីវកម្ម និងសហគ្រាស ដើម្បីពង្រីកទីផ្សារគ្រឿងទេសឱ្យកាន់តែល្អប្រសើរ និងទូលាយជាងមុន។

លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងជាប្រធានគ្រប់គ្រងគម្រោងថ្នាក់ខេត្តបានថ្លែងថា លោកមានសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងរវាងតំណាងកសិករចង្កោមអាជីវកម្មគ្រឿងទេសមកពីខេត្តបាត់ដំបង និងកំពង់ចាម ដែលបានចុះកិច្ចសន្យាទិញលក់ ជាមួយសហគ្រាសកែច្នៃគ្រឿងផ្សំចំណីអាហារ និងគ្រឿងទេស លាង ឡេង និងរីងហ្គាខេម ស្ថិតនៅរាជធានីភ្នំពេញ។

លោកបន្តថា កសិករនៅខេត្តកំពង់ចាមសរុបចំនួន ៧.៧៥៣ នាក់ក្នុងគម្រោង អេមស៍ ជំហានទី១ និងជំហានទី២ មាន ១៧៥ ក្រុម ដែលកំពុងស្ថិតនៅក្រោមគម្រោង AIMS ហើយពួកគាត់ទទួលបានការគាំទ្រដូចជា សម្ភារៈ បច្ចេកទេសដាំដុះ និងគ្រាប់ពូជផងដែរ។ ក្នុងនោះ គម្រោង អេមស៍(AIMS) បានជួយសម្របសម្រួលជាមួយធនាគារជាដៃគូអភិវឌ្ឍន៍ ដើម្បីផ្ដល់ប្រាក់កម្ចីជូនកសិករសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគាត់បន្ថែមទៀត។
លោកបញ្ជាក់ថា៖«យើងសប្បាយរីករាយដែលបានជួយសម្របសម្រួលជាមួយសហគ្រាសកែច្នៃគ្រឿងផ្សំចំណីអាហារ និងគ្រឿងទេសលាង ឡេង និងរីងហ្គាខេម ក៏ដូចជាឈ្មួញកណ្ដាលដទៃទៀត ឱ្យបានជួបជាមួយកសិករ ដើម្បីភាក្សា និងផ្លាស់ប្ដូរយោបល់អំពីតម្លៃ ក៏ដូចជាការចរចាពីនីតិវិធីទិញ-លក់រវាងកសិករ និងឈ្មួញកណ្ដាលដោយផ្ទាល់ផងដែរ»។

លោក ថត ស៊ីថាន មន្រ្តីមន្ទីរ និងជាមន្ត្រីបង្គោលអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃនៃមន្ទីរពាណិជ្ជកម្មបាត់ដំបងបានថ្លែងថា តាមរយៈកិច្ចព្រមព្រៀងនេះ សហគ្រាសបានសន្យាជួយទិញវត្ថុធាតុដើមគ្រឿងទេសពីកសិករប្រមាណជាង ៣០តោនក្នុងមួយឆ្នាំ ដើម្បីយកមកផ្គត់ផ្គង់ច្រវាក់ផលិតកម្មរបស់ខ្លួន។ កិច្ចព្រមព្រៀងនេះ គឺជាភាពជោគជ័យរបស់គម្រោង AIMS ដែលខិតខំប្រឹងប្រែងសម្របសម្រួលកន្លងមក។
លោកបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថា កសិករយើងនឹងខិតខំប្រឹងប្រែងពង្រឹងគុណភាព និងបរិមាណបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ និងផ្គត់ផ្គង់ជូនសហគ្រាស ដែលបានចុះកិច្ចសន្យាទិញលក់ជាមួយគ្នានៅពេលនេះ។ ក្នុងនាមគម្រោង AIMS យើងនៅតែកៀរគរកសិករមកចូលរួមជាមួយគម្រោងយើងបន្ថែមទៀត ដើម្បីពង្រីកសមាជិករបស់គម្រោង AIMS ឱ្យកាន់តែច្រើនថែមទៀតនៅតាមមូលដ្ឋាន»។

អ្នកស្រី ឌី ស្រីហាច តំណាងចង្កោមអាជីវកម្មគ្រឿងទេសជយោ នៅឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាមបានថ្លែងថា អ្នកស្រីសប្បាយរីករាយ បន្ទាប់ពីបានដើរទស្សនកិច្ចមើលពីដំណើរការកែច្នៃផលិតផលកសិកម្មរបស់សហគ្រាស ជាពិសេសក្រុមអ្នកស្រីបានចុះកិច្ចសន្យាទិញលក់ជាមួយសហគ្រាសទាំងពីរផងដែរ។
អ្នកស្រីបានបញ្ជាក់ថា៖«ខ្ញុំពិតជាសូមអរគុណដល់គម្រោង អេមស៍ (AIMS) ដែលបានជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងនាពេលនេះ គឺជួយកសិករដូចជា ពួកខ្ញុំឱ្យមានទីផ្សារសម្រាប់លក់ដូរផលិតផលកសិកម្មរបស់ពួកខ្ញុំដែលផលិតនបាន។ ខ្ញុំនឹងពិភ្សាគ្នាជាមួយសមាជិកក្រុមបន្ថែមទៀត ដើម្បីពង្រីកផ្ទៃដីដាំដុះ ព្រោះពេលនេះយើងមានខាងសហគ្រាសជួយទិញ ដែលធ្វើឱ្យពួកខ្ញុំមានកម្លាំងចិត្តក្នុងការផលិតបន្ថែមទៀត»។
លោក សោម វិសាល តំណាងចង្កោមអាជីវកម្មគ្រឿងទេសតាសាញ នៅឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបងបានថ្លែងថា គម្រោង អេមស៍ (AIMS) បានជួយកសិករជាច្រើនតាមរយៈជួយសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងដំណើរការផលិតកសិផល ជាពិសេសមានជំនាញខាងបច្ចេកទេសជួយបង្រៀនបច្ចេកទេសដាំដុះដល់ប្រជាពលរដ្ឋ និងជួយរកទីផ្សារលក់ដូរផលិតផលរបស់កសិករផងដែរ។
លោកបញ្ជាក់ថា៖«ខ្ញុំពិតជារំភើបរីករាយដែលគម្រោង អេមស៍ (AIMS) បានជួយសម្របសម្រួលឱ្យមានចុះកិច្ចព្រមព្រៀងជាមួយសហគ្រាសទាំងពីរក្នុងការទិញ-លក់ផលិតផលរបស់ពួកខ្ញុំជាអ្នកផលិត។ នៅពេលនេះ យើងមានទីផ្សារជាក់លាក់ហើយ គឺជាការផ្ដល់កម្លាំងចិត្តដល់កសិករឱ្យមានការខិតខំប្រឹងប្រែងផលិតបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ»។
លោក លាង ឡេង ម្ចាស់សហគ្រាស លាង ឡេង បានថ្លែងថា សហគ្រាស លាង ឡេង បានជួយគាំទ្រដល់កសិករជាច្រើននាក់រួចមកហើយតាមរយៈការជួយទិញផលិតផលកសិផលពីពួកគាត់ ខណៈដែលពួកគាត់កំពុងត្រូវការទីផ្សារសម្រាប់លក់ផលិតផលរបស់ខ្លួន។ សហគ្រាសរបស់លោកបានប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុកស្ទើតែទាំងស្រុង ដើម្បីគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែមានតម្លៃ។
លោកបញ្ជាក់ថា៖«សហគ្រាស លាង ឡេង យើងខ្ញុំបានចុះកិច្ចព្រមព្រៀង គឺជួយទិញកសិផលពីប្រជាកសិករយើងចំនួនពីរ គឺខេត្តបាត់ដំបង និងខេត្តកំពង់ចាម តាមរយៈការបញ្ជាទិញម្ទេសក្នុងតម្លៃសមរម្យ ព្រោះកសិករលក់ក្នុងតម្លៃល្អមកឱ្យសហគ្រាសយើងដែរ។ ខ្ញុំក៏សូមអរគុណដល់គម្រោង អេមស៍ (AIMS) ដែរ ដែលបានជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងរវាងសហគ្រាសខ្ញុំ និងកសិករនាពេលនេះ»។
សម្រាប់លោកស្រី ស ស្រីហួច ម្ចាស់សហគ្រាស រីងហ្គាខេម បានថ្លែងថា លោកស្រីមានអារម្មណ៍សប្បាយរីករាយដែលបានរួមចំណែកជួយដល់កសិករតាមរយៈការចុះកិច្ចព្រមព្រៀងនេះ។ លោកស្រីរំពឹងថា កសិករនឹងពង្រីកការដាំដុះរបស់របស់ពួកគាត់ ក៏ដូចជាពង្រីងគុណភាពសម្រាប់ផ្គត់ផ្គង់ដល់សហគ្រាស។
លោកស្រីបានបញ្ជាក់ថា៖«ពួកគាត់បានមកសិក្សាពីទីតាំងរបស់ខ្ញុំដែរ ហើយពួកគាត់បានជឿជាក់ទៅលើច្រវាក់ផលិតកម្មរបស់សហគ្រាសយើងខ្ញុំដែរ ហើយកន្លងមកនេះ ខ្ញុំបានជួយទិញផលិតផលកសិផលជាច្រើននៅតាមខេត្តគោលដៅផងដែរ។ សហគ្រាសខ្ញុំបានជួយទិញគ្រឿងផ្សំចំណីអាហារ និងគ្រឿងទេសរាប់រយតោនក្នុងមួយឆ្នាំ ដើម្បីយកមកកែច្នៃទៅតាមមុខងាររបស់វត្ថុធាតុដើម»។
គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍) គឺជាគម្រោងអនុវត្តដោយក្រសួងពាណិជ្ជកម្ម ដែលជាគំនិតផ្តួចផ្តើមរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម(IFAD) ក្នុងគោលបំណង ជំរុញកំណើនទីផ្សារប្រកបដោយបរិយាបន្ន សម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍចង្កោមអាជីវកម្មតាមជនបទ ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូច ក្នុងនោះកសិករក្រីក្រក៏អាចទទួលបានផលប្រយោជន៍រួមគ្នាដែរ។
ចំពោះជំហានទី១ គឺគម្រោង អេមស៍ ត្រូវបានអនុវត្តរយៈពេលប្រាំពីរឆ្នាំ ដែលផ្តើមអនុវត្តចាប់ពី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដើម្បីអនុវត្តនៅតាមបណ្ដាខេត្តគោលដៅចំនួន១៨ រួមមាន ខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង សៀមរាប បន្ទាយមានជ័យ ប៉ៃលិន កែប កណ្តាល តាកែវ កំពត កំពង់ស្ពឺ ព្រៃវែង ត្បូងឃ្មុំ រតនគិរី និងមណ្ឌលគិរី ប៉ុន្តែបន្ទាប់ពីការត្រួតពិនិត្យវាយតម្លៃពាក់កណ្តាលគម្រោងនៅឆ្នាំ២០២១ កាលបរិច្ឆេទបញ្ចប់គម្រោង ត្រូវបានពន្យារពេលដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
សម្រាប់ជំហានទី២ ក្នុងឆ្នាំ២០២៤ IFAD បានអនុម័តថវិកាបន្ថែមចំនួន ២០ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងរយៈពេល ៣ឆ្នាំ បន្តទៀត ដែលចាប់ផ្តើមពី ខែតុលា ឆ្នាំ ២០២៤ ហើយនឹងត្រូវបញ្ចប់ក្នុង ខែកញ្ញា ឆ្នាំ ២០២៧៕
ដោយ៖ ប៊ុនរិទ្ធ





