ADB និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ដាក់ដំណើរការការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់គាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥-- ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានសហការរៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃ នៅថ្ងៃទី ២៦-២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវគំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

គំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Digital Adoption Initiative) នឹងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)នៅកម្ពុជារាប់រយឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចន្លោះពីពេលនេះដល់ឆ្នាំ ២០២៨ ដើម្បីជំរុញសមត្ថភាពប្រកួតប្រជែង និងផលិតភាពរបស់សហគ្រាសទាំងនោះ។ កម្មវិធីនេះ នឹងរួមមានវិធានការដែលចែកជាដំណាក់កាល និងផ្តោតលើវិស័យឧស្សាហកម្មអាទិភាពមួយជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីវិស័យទេសចរណ៍។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។
ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយរបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

សិក្ខាសាលាដាក់ឱ្យប្រើប្រាស់គំនិតផ្តួចផ្តើមនេះ មានការចូលរួមពីមន្ត្រីរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធ ដើម្បីកំណត់សុពលភាពនៃផែនទីបង្ហាញផ្លូវសម្រាប់គំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ជាក់ពីការរៀបចំដំណើរការអនុវត្តន៍នានា។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា គំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនឹងគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការដាក់បញ្ចូលដំណោះស្រាយឌីជីថលទៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន ដើម្បីឱ្យសហគ្រាសទាំងនោះកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ភាពធន់ និងការត្រៀមខ្លួនសម្រាប់អនាគត។ លោកស្រីបានបញ្ជាក់ថា៖ «ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង សមាគមឧស្សាហកម្មជាច្រើន យើងមានគោលបំណងធានាថា សហគ្រាសកម្ពុជាអាចរីកចម្រើននៅក្នុងសេដ្ឋកិច្ចឌីជីថល»។
លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានលើកឡើងថា៖ «គំនិតផ្តួចផ្តើមនេះនឹងផ្តល់ឱ្យហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា នូវឧបករណ៍អនុវត្តន៍ជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។ ដោយផ្តោតលើវិស័យសំខាន់ៗ យើងអាចតម្រង់ទឹសការប្រើប្រាស់ធនធានទៅរកផ្នែកទាំងឡាយនៃសេដ្ឋកិច្ច ដែលដំណោះស្រាយឌីជីថល នឹងផ្តល់ផលជះធំធេងលើ សមត្ថភាពប្រកួតប្រជែង ការបង្កើតការងារ និងសហគ្រិនភាពរបស់ស្ត្រី»៕
ដោយ៖ រិទ្ធី ប្រភព៖ ADB





