ឯកឧត្តម ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារជំនាញចុះពិនិត្យផលប៉ះពាល់ដោយគ្រោះទឹកជំនន់ លើដំណាំកសិកម្មរបស់ប្រជាពលរដ្ឋស្រុកលំផាត់ ខេត្ដរតនគិរី
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី ព្រមទាំងអាជ្ញាធរ ពាក់ព័ន្ធចុះពិនិត្យ សិក្សា និងវាយតម្លៃផលប៉ះពាល់ដែលបង្កឡើងដោយគ្រោះទឹកជំនន់ទន្លេស្រែពកលើស្រែចម្ការរបស់ប្រជាពលរដ្ឋស្រុកលំផាត់ ខេត្តរតនគិរី។

នាឱកាសនោះឯកឧត្ដមរដ្ឋលេខាធិការ រួមជាមួយក្រុមការងារបានពិនិត្យឃើញពីផលប៉ះពាល់បង្កដោយ សារការកើនឡើងនៃទឹកទន្លេស្រែពក ក្នុងភូមិសាស្រ្តស្រុកលំផាត់លើប្រជាពលរដ្ឋចំនួន ១០០៨គ្រួសារ ស្មើនឹងមនុស្សចំនួន ៣០២៤នាក់ (ស្រ្តី ១៦០៨នាក់) ក្នុងភូមិចំនួន៦ ដោយបង្កការជន់លិចដីស្រែរបស់ប្រជាពលរដ្ឋចំនួន ៧៥៥ហិកតា និងដីចម្ការដែលមានដំណាំរួមផ្សំដូចជា ដំឡូងមី សណ្តែកសៀង ស្វាយចន្ទី ចេក និងបន្លែ សរុបចំនួន ៣១៥ហិកតា។

ឯកឧត្ដម ហ៊ាន វណ្ណហន បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញានេះ ស្ថានភាពទឹកទន្លេស្រែពកបានបន្ដជន់លិចលើសពីកម្ពស់ប្រកាសអាសន្នពី ០,២០ម៉ែត្រ ទៅ ១,៥០ម៉ែត្រ ដែលនឹងបង្កផលប៉ះពាល់ដល់ដំណាំបន្លែ និងដំណាំសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ រីឯដំណាំស្រូវស្ថិតក្នុងដំណាក់កាលកំពុងចេញផ្កាវិញនឹងមានការលំបាកក្នុងការស្តារឡើងវិញ ខណៈទឹកភ្លៀងនៅតែបន្ដធ្លាក់។ ឆ្លើយតបទៅនឹងស្ថានភាពនេះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំដល់មន្រ្តីជំនាញឱ្យបន្តសហការគ្នាជាមួយអាជ្ញាធរ ពាក់ព័ន្ធចុះសិក្សា និងវាយតម្លៃផលប៉ះពាល់លើដំណាំកសិកម្មរបស់ប្រជាពលរដ្ឋតាមដំណាក់កាលបន្ថែមទៀត ដើម្បីចាត់វិធានការបន្ធូរបន្ថយកម្រិតខូចខាតទៅតាមលទ្ធភាពជាក់ស្ដែង៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងកសិកម្ម)





