វគ្គបណ្ដុះបណ្ដាលស្ដីពីការបញ្ជ្រាបទស្សនាទានសមភាពយេនឌ័រ និងបរិយាបន្នសង្គម
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥-- ដើម្បីបង្កើនការយល់ដឹង និងការអនុវត្តគោលការណ៍សមភាពយេនឌ័រ និងបរិយាបន្នសង្គម ក្នុងចំណោមភាគីពាក់ព័ន្ធក្នុងក្របខណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជននៅតាមវិទ្យាល័យធនធានទាំង៥០ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបញ្ជ្រាបទស្សនាទានសមភាពយេនឌ័រ និងបរិយាបន្នសង្គម ក្នុងការអនុវត្តសកម្មភាពភាពជាដៃគូររវាងរដ្ឋ និងឯកជន ក្នុងក្របខណ្ឌកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា ដោយមានការចូលរួមទទួលការបណ្តុះបណ្តាលពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកអប់រំនៃវិទ្យាល័យធនធានទាំង៥០។

លោកជំទាវសាស្ត្រាចារ្យបណ្ឌិត បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា ដើម្បីសម្រេចបាននូវវត្ថុបំណងខាងលើនេះ ការរៀបចំវគ្គបណ្ដុះបណ្ដាលមានគោលបំណងចំនួន៣ គឺ៖ ១. លើកកម្ពស់ការយល់ដឹងអំពីទស្សនាទានសមភាពយេនឌ័រ និងបរិយាបន្នសង្គមសម្រាប់វិទ្យាល័យធនធានគោលដៅទាំង៥០។ ២. កសាងសមត្ថភាពដល់គណៈគ្រប់គ្រងសាលារៀន និងគ្រូប្រឹក្សាតាមសាលារៀន នៃវិទ្យាល័យធនធានទាំង៥០ អំពីការប្រើប្រាស់ឧបករណ៍ និងវិធីសាស្រ្តដែលទាក់ទងនឹងសមភាពយេនឌ័រ និងបរិយាបន្នសង្គម និង ៣. ជំរុញការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់កិច្ចសហការរវាងសាលារៀន និងដៃគូវិស័យឯកជន ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្តសកម្មភាពក្នុងឯកសារណែនាំប្រតិបត្តិស្ដីពីក្របខណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជននៅតាមគ្រឹះស្ថានសិក្សា។

ជាអនុសាសន៍ជូនអង្គពិធី ជាពិសេសគណៈគ្រប់គ្រង និងបុគ្គលិកអប់រំ នៃវិទ្យាល័យធនធានទាំង៥០ លោកជំទាវបណ្ឌិតសាស្ត្រាចារ្យ អនុរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យបុគ្គលិកអប់រំទាំងអស់ត្រូវរៀបចំខ្លួនជាបុគ្គលិកអប់រំដែលប្រកបដោយគុណភាពខ្ពស់ ដោយប្រកាន់ខ្ជាប់នូវ៖ ១. ភាពច្បាស់លាស់ ២. ថាមពល ទាំងផ្លូវកាយ និងផ្លូវចិត្តក្នុងការបំពេញការងារ ៣. ភាពចាំបាច់ក្នុងការបំពេញការងារទោះបីមិនមានការលើកទឹកចិត្ត ៤. ផលិតភាពការងារដោយការកំណត់ និងការសម្រេចបានសូចនាករគន្លឹះ ៥. ឥទ្ធិពលជាបុគ្គលគំរូ និង៦. ភាពក្លាហានក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ ដោយលោកជំទាវបានគូសបញ្ជាក់ថា ការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នសង្គមក្នុងក្របខណ្ឌគម្រោង STEP UP នៅក្នុងគ្រឹះស្ថានមធ្យមសិក្សាទាំង៥០ មិនត្រឹមតែជួយលើកកម្ពស់ភាពជាម្ចាស់ក្នុងចំណោមសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តឱ្យសិស្សមានទស្សនវិស័យចម្រុះ បង្កើនលទ្ធផលសិក្សា និងជួយរៀបចំសិស្សឱ្យចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍ និងត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគតផងដែរ។ លើសពីនេះសមភាពយេនឌ័រ និងបរិយាបន្នសង្គមនឹងចូលរួមចំណែកក្នុងការលើកកម្ពស់សមធម៌សង្គមកម្ពុជា ដោយផ្តល់សិទ្ធិអំណាចដល់យុវជនដើម្បីឈានដល់សក្តានុពលពេញលេញប្រកបដោយវិបុលភាព៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





