ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងនូវអគារសណ្ឋាគារ ត្រាយម៉ូលា
AKP ព្រះសីហនុ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥-- លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងនូវអគារសណ្ឋាគារ ត្រាយម៉ូលា (TRIMULIA ) របស់ក្រុមហ៊ុនហ្គោលដេន អូអេស៊ីស អេនធើ ធេនម៉ិន (GOLDEN OASIS ENTERTAINMENT) មានទីតាំងស្ថិតនៅភូមិ២ សង្កាត់ លេខ២ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង មន្ទីរអង្គភាព ភ្ញៀវជាតិ និងអន្តរជាតិ នាព្រឹកថ្ងៃអាទិត្យទី២៨ ខែកញ្ញា ឆ្នាំ២០២៥។
លោក ឈួង វ័ងវ៉ៃ (CHHONG HWANG WEI) នាយកប្រតិបត្តិនៃក្រុមហ៊ុន ត្រាយ ម៉ូលា គ្រុប (TRIMULIA GROUP) មានប្រសាសន៍ស្វាគមន៍ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងនូវអគារសណ្ឋាគារ ត្រាយម៉ូលា (TRIMULIA) របស់ក្រុមហ៊ុន ហ្គោលដេន អូអេស៊ីស អេនធើធេនម៉ិន (GOLDEN OASIS ENTERTAINMENT) ស្ថិតនៅទីក្រុងឆ្នេរដ៏ស្រស់ស្អាត ដែលជាសណ្ឋាគារឈានមុខគេក្នុងក្រុងព្រះសីហនុ មានបរិក្ខារដ៏ប្រណីតផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យជិតកន្លែងកម្សាន្តផ្តាច់មុខមានដូចជា ហាងភោជនីយដ្ឋាន ឆ្នេរ និងកន្លែងទាក់ទាញក្នុងតំបន់ផ្សេងទៀត។ មានបន្ទប់ចំនួន ១៣២ រចនាឡើងយ៉ាងល្អប្រណីត ការទទួលទានអាហារដ៏រីករាយនៅភោជនីយដ្ឋាន អាហារពេញមួយថ្ងៃជិតអាងហែលទឹក Infinity Sky Bar ស្ថិតនៅលើកំពូលភ្នំខ្ពស់បំផុតរបស់ទីក្រុង។


លោក សាមុត សុធារិទ្ធ បានថ្លែងថា ការដាក់សម្ពោធអគារសណ្ឋាគារ ត្រាយម៉ូលា (TRIMULIA) របស់ក្រុមហ៊ុនហ្គោលដេន អូអេស៊ីស អេនធើធេនម៉ិន (GOLDEN OASISENTERTAINMENT) ជាសក្ខីភាពថ្មីមួយទៀតដែលបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរឱ្យសណ្ឋាគារត្រាយម៉ូលា (TRIMULIA) ទទួលបានជោគជ័យក្នុងមុខជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើនឡើងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។


លោកអភិបាលរងខេត្តព្រះសីហនុអបអរសាទរចំពោះពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងនូវអគារសណ្ឋាគារ ត្រាយម៉ូលា នៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ត្រូវបានប្រសិទ្ធនាមថា ជាតារារះនាទិសនិរតី និងកំពុងបំពេញតួនាទីជាប៉ូលសេដ្ឋកិច្ចដ៏មានសារៈសំខាន់ និងជាខេត្តស្នូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដោយមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ។ ការសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងនូវអគារសណ្ឋាគារ ត្រាយម៉ូលា (TRIMULIA) ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្តព្រះសីហនុ និងមកពីបណ្ដាខេត្តផ្សេងៗ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

ដោយ ងូ សុមុនី





