ប្រមុខការទូតកម្ពុជា៖ សន្តិភាពរបស់កម្ពុជារងការគំរាមកំហែងសន្តិភាពដោយសារជម្លោះព្រំដែន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥--
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងបញ្ជាក់ថា សន្តិភាពរបស់កម្ពុជាបច្ចុប្បន្នកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរ មិនមែនដោយសារបញ្ហាផ្ទៃក្នុងទេ តែគឺដោយសារតែជម្លោះព្រំដែនជាមួយប្រទេសជិតខាង។
ក្នុងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ ក្នុងសម័យប្រជុំក្រោមមូលបទ «រួមគា្នដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស» នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបង្ហាញយ៉ាងច្បាស់ពីក្តីបារម្ភរបស់កម្ពុជាចំពោះស្ថានភាពសន្តិសុខបច្ចុប្បន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា៖ «ខ្ញុំពិតជាមានសេចក្តីឈឺចាប់ជាពន់ពេកក្នុងការជម្រាបជូនមហាសន្និបាតថ្ងៃនេះថា សន្តិភាពនៅក្នុងប្រទេសរបស់យើងខ្ញុំផ្ទាល់ ដែលទទួលបានដោយលំបាក... បច្ចុប្បន្នកំពុងរងការគំរាមកំហែង មិនមែនដោយសារការបែកបាក់ផ្ទៃក្នុងដូចពីអតីតកាលនោះទេ តែគឺដោយសារជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយ»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ចំពោះការសម្របសម្រួលបទឈប់បាញ់មួយ «បញ្ឈប់បានដោយប្រសិទ្ធភាពនូវការប៉ះទង្គិចប្រដាប់អាវុធ»។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ការប៉ះទង្គិចនោះបានធ្វើឱ្យប្រជាជនស្លូតត្រង់បាត់បង់ជីវិត រងរបួស ការបំផ្លិចបំផ្លាញ និងរាប់សែននាក់ក្លាយជាជនភៀសសឹក៕


ដោយ៖ ប៊ុនរិទ្ធ





