លោក ជិន ស៊ីថា ដឹកនាំកម្លាំងជំនាញបន្តចុះត្រួតពិនិត្យបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥-- លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងសង្កាត់រដ្ឋបាលជលផលស្ទោង និងសង្កាត់រដ្ឋបាលជលផលពាមបាង ព្រមទាំងមន្រ្តីខណ្ឌសហការជាមួយ លោកអនុសេនីយ៍ឯក លុយ សុភាព តំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) ប្រចាំស្រុកស្ទោងកម្លាំងចម្រុះទីបញ្ជាការប្រចាំស្រុកស្ទោង និងកម្លាំងសហគមន៍នេសាទបានចេញប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងសន្ទូង ទ័ពធំ ក្នុងភូមិសាស្ត្រឃុំប្រឡាយស្រុកស្ទោង ខេត្តកំពង់ធំ។
ជាលទ្ធផលអនុវត្តបាន០១ករណី ដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមានរបាំងសាច់អួនក្រឡាញឹកចំនួន១០ របាំងប្រវែងជាង២០០០ម៉ែត្រ ឡុកចំនួន២២គ្រឿង លូឬលបចំនួន២២មាត់បង្គោល កូនឈើចំនួន៦៧០ដើម និងចាក់លែងកូនត្រីចំរុះទំងន់៥០ គីឡូក្រាមចូលបឹងធម្មជាតិវិញ។

នៅថ្ងៃជាមួយគ្នានេះដែរសង្កាត់រដ្ឋបាលជលផលបារាយណ៍ (ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះបន្តចុះបង្ក្រាបបទល្មើសជលផលនៅចំណុចស្ទឹងរោត សចំណង់និងបឹងកក់ស្ថិតនៅក្នុងភូមិសាស្រ្តឃុំស្រឡៅនិងឃុំពង្រ ស្រុកតាំងគោកខេត្តកំពង់ធំ។ជាលទ្ធផលអនុវត្តបាន០៣ករណីដោយបានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន ១. របាំងសាច់អួនក្រឡាញឹកចំនួន៥របាំងប្រវែង៣៥៩ម៉ែត្រ ឡុកចំនួន០៥គ្រឿង លប/លូចំនួន០៥មាត់។ ២.របាំងស្បៃមុងចំនួន១៥របាំងប្រវែង៥៧៥ម៉ត្រ ឡុកចំនួន១៥គ្រឿង លប/លូចំនួន១៥មាត់បង្គោលចំនួន២៨៤ដើម និងបានចាក់លែងត្រីស្រស់ចម្រុះទំងន់២៥គីឡូក្រាមចូលសំឡេងវិញ។ ៣. លបប្រើស១០០ចំនួន១០ខ្សែស្មើនឹង២០០គ្រឿង។

សង្កាត់រដ្ឋបាលជលផលកំពុងស្វាយក្រោម បានចូលរួមជាមួយក្រុមការងារចម្រុះដឹកនាំដោយលោកវរសេនីយ៍ទោ ហុន ប៊ុនចែម នាយទាហាននៃទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤) បានរួមសហការជាមួយទីបញ្ជាការស្រាលឈរជើងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយបន្តចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចព្រះស្នែង ក្នុងឃុំកំពង់គោ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណីដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០៣របាំងប្រវែង៥០០ម៉ែត្រ ឡុកចំនួន៦គ្រឿង លប/លូ ចំនួន១០មាត់បង្គោលចំនួន៣០០ដើម និងបានចាក់លែងកូនត្រីចម្រុះទម្ងន់៣៥គីឡូក្រាមចូលទន្លេវិញ។


សូមរម្លឹកថា រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់ធំសហការជាមួយកម្លាំងចម្រុះអនុវត្តការបង្ក្រាបបទល្មើសនេសាទបានចំនួន០៧ករណីដោយបានកាប់បំផ្លាញចោលនូវវត្ថុតាងរួមមាន៖ របាំងស្បៃមុង២៨របាំងប្រវែង៥៤៦ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន០៧របាំង ប្រវែង១៣៤១ម៉ែត្រ ឡុកសាច់អួន/ស្បៃមុងចំនួន២០គ្រឿង លប/លូចំនួន៤២មាត់បង្គោល១២៩១ដើម និងលែងត្រីស្រស់ចម្រុះទម្ងន់១៦០គីឡូក្រាមចូលបឹងធម្មជាតិវិញ (តាមរបាយការណ៍ប្រចាំសប្តាហ៍របស់មន្ទីរកសិកម្មខេត្តកំពង់ធំ)៕
ដោយ ស៊ុម វណ្ណា





