រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) ធ្វើការហោះហើរត្រង់មកកម្ពុជាឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥-- ក្នុងអំឡុងពេលនៃការចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ នៅទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) ធ្វើការហោះហើរត្រង់មកកម្ពុជាឡើងវិញ ដោយក្នុងជំនួបពិភាក្សាការងារជាមួយលោក Eiji Yamakita តំណាងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំមួយនេះរហូតមក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
បើតាមឯកឧត្តម ហួត ហាក់ ការចូលរួមរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា រួមមាន តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរទាំងជប៉ុន និងអន្តរជាតិមកកាន់ប្រទេសកម្ពុជាក្នុងចំនួនគួរឱ្យកត់សំគាល់កន្លងមក។ ឯកឧត្តមបានទទូចស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុនមួយនេះពិនិត្យលទ្ធភាពក្នុងការហោះហើរត្រង់មកកម្ពុជាឡើងវិញ ជាមួយសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព សុខសុវត្ថិភាពទេសចរណ៍ និងវត្តមានអាកាសយានដ្ឋានអន្តរជាតិថ្មីតេជោ៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





