សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យកងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឱ្យបានល្អ និងជួយបង្កលក្ខណៈឱ្យអ្នកសង្កេតការណ៍ (IOT) បានធ្វើកោសល្យវិច្ច័យគ្រាប់
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥--
ក្នុងខណៈមានការរំលោភបទឈប់បាញ់កាលពីវេលាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យកងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឱ្យបានល្អ និងជួយបង្កលក្ខណៈឱ្យអ្នកសង្កេតការណ៍ (IOT) បានធ្វើកោសល្យវិច្ច័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។
នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រលប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំ បានកោះប្រជុំបន្ទាន់តាមអនឡាញណែនាំឱ្យកងទ័ពអត់ធ្មត់មិនតបត។ សម្ដេចតេជោបន្តថា ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឱ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់។ សម្ដេចតេជោគូសបញ្ជាក់ថា ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន ខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៉ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការពីរ គឺ ១. ធ្វើកោសល្យវិច្ច័យគ្រាប់ ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា។ ២. ជាចំណុចសំខាន់គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ គេនិងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណា បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា គេមិនអាចទៅបង្វិលរណ្តៅគ្រាប់បានទេ។
សម្ដេចតេជោក៏សូមកងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឱ្យបានល្អ និងជួយបង្កលក្ខណៈឱ្យអ្នកសង្កេតការណ៍ IOT បានធ្វើកោសល្យវិច្ច័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ សម្ដេចតេជោ សង្ឃឹមថា ភាគីថៃនិងបង្ហាញនូវកាយវិការដូចគ្នា។ មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ៕

ដោយ៖ ជឹម ណារី





