រដ្ឋមន្រ្តីការបរទេសកម្ពុជាបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥--
ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរ បន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ។ ការគូសបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបែបនេះ ក្នុងឱកាសអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ អំឡុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញនិងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ៕

ដោយ៖ រិទ្ធី





