ខេត្តរតនគិរីកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករខ្មែរ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥-- ផ្សារផលិតផលខ្មែរខេត្តរតនគិរី បាន និងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរនៅខេត្តរតនគិរី រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង៣រសៀល ដែលមានទីតាំងនៅមុខមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។
សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឱ្យដំណើរការផ្សារលក់ផលិតផលខ្មែរចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

ផ្សារផលិតផលខ្មែរនេះមានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ ក្រសួងពាណិជ្ជកម្មថា ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ គឺជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល លើកស្ទួយជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យកាន់តែប្រសើរឡើង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរទាំងអស់គ្នា៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)





