នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំចូលរួមជាមួយអង្គការWorldfishចែកកូនបង្កង៣៧៦៥៤ក្បាលដល់ប្រជាកសិករនៅស្រុកសន្ទុក
AKP កំពង់ធំ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥-- លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងលោក អ៊ន ហ៊ាន់ នាយសង្កាត់រដ្ឋបាលជលផលសន្ទុក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមជាមួយអង្គការWorldfishចែកកូនបង្កង សរុបចំនួន៣៧៦៥៤ក្បាល សម្ភារបច្ចេកទេស និងពូជបន្លែ ជូនដល់កសិករ៤គ្រួសារដើម្បីអនុវត្តការចិញ្ចឹមបង្កង ជាមួយដំណាំស្រូវ ដែលបានការគាំទ្រពីគម្រោងអង្គការ Worldfish។ ១- ឈ្មោះ អ៊ុក យន្ត ភេទ ស្រី នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ទទួលបានបង្កងចំនួន៦០០០ ក្បាល។ ២- ឈ្មោះ ណាំ ចាន់ដារ៉ា ភេទ ស្រី នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ទទួលបានកូនបង្កងចំនួន៩៩០០ ក្បាល។ ៣- ឈ្មោះ ង៉ោក សេងហុង ភេទស្រី នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ទទួលបានកូនបង្កងចំនួន១០០០០ក្បាល និង៤- ឈ្មោះ អ៊ឹម ប៊ុនធឿន ភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ទទួលបានកូនបង្កងចំនួន១១៧៥៤ក្បាល។

នៅថ្ងៃជាមួយគ្នានេះដែរសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចូលរួមជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខជើងទឹកB.06ប្រចាំការឃុំផាត់សណ្ដាយ ដឹកនាំដោយលោក ឡុង វឿន មេបញ្ជាការរងស្រុកកំពង់ស្វាយបានសហការជាមួយក្រុមចម្រុះទីបញ្ជាការស្រាល និងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ(យោធិភូមភាគទី៤) ដឹកនាំរួមដោយលោក វរសេនីយ៍ទោ ហួន ប៊ុនចែម នាយទាហានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ចុះពិនិត្យនិងបង្រ្កាបបទល្មើសជលផលនៅចំណុចអាង៨០០ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ជាលទ្ធផលអនុវត្តបាន០១ករណីដោយបានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷របាំងសាច់អួនក្រឡាញ់ញឹកចំនួន២បាំងប្រវែង៣៥០ម៉ែត្រ ឡុកចំនួន ៤គ្រឿងលប/លូចំនួន៤មាត់បង្គោលចំនួន១៥០ដើមនិងបានចាក់លែងត្រីស្រស់ចម្រុះចំនួន១៥គីឡូក្រាមចូលទន្លេវិញ។

លោក អ៊ន ហ៊ាន់ នាយសង្កាត់រដ្ឋបាលជលផលសន្ទុក ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលស្រុកសន្ទុកចុះទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលនៅចំណុចចុងឡាត(ដែនសហគមន៍នេសាទបឹងរំពេរ) ស្ថិតនៅក្នុងភូមិចំបក់ខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ដឹកនាំដោយ លោក ប៉ក់ ស៊ីងេន នាយករដ្ឋបាលស្រុកសន្ទុក។ ជាលទ្ធផលអនុវត្តបាន២ករណីដោយបានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹក១របាំងប្រវែង១៥០ម៉ែត្រ ឡុក០១គ្រឿងលបលូ២មាត់ និងបង្គោល១០០ដើម។ របាំងស្បៃមុង៤របាំង ប្រវែង៥០ម៉ែត្រ ឡុក៤គ្រឿង និងបង្គោលចំនួន ៤០ដើម។


សង្កាត់រដ្ឋបាលជលផលស្ទោង សហការជាមួយកម្លាំងសឹករងស្រុកស្ទោង ចុះបង្រ្កាបបទល្មើសជលផលនៅចំណុចថ្លុកបគួយ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំជាលទ្ធផលអនុវត្តបាន០១ករណីដោយបានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងស្បៃមុងចំនួន ០៧របាំងប្រវែង៣៥០ម៉ែត្រ លបលូចំនួន០៧មាត់ បង្គោលចំនួន២៣០ដើម និងបានចាក់លែងត្រីស្រស់ចម្រុះចំនួន១៥គីឡូក្រាមចូលទន្លេវិញ៕
ដោយ ស៊ុម វណ្ណា





