ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានដាក់គោលការណ៍០៤ចំណុចដល់កងកម្លាំងនគរបាលគោរពអនុវត្តឱ្យទទួលបានជោគជ័យ
AKP កំពង់ធំ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងបានដាក់គោលការណ៍ចំនួន០៤ចំណុចដល់កម្លាំងនគរបាលគោរព អនុវត្តឱ្យទទួលបានជោគជ័យក្នុងឱកាសឯកឧត្តមអញ្ជើញជាតំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបិទវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងកំណត់អត្តសញ្ញាណជនរងគ្រោះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង បានថ្លែងអំណរអរគុណដល់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងសហការី ព្រមទាំងសិក្ខាកាម ដែលបានយកចិត្តទុកដាក់បង្ករបរិយាកាសដល់វគ្គបណ្តុះបណ្តាលដំណើរការទៅដោយមានភាពរលូនស្របតាមការរំពឹងរបស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តមបានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់៖ ទី១. បង្កើនសមត្ថភាពខ្លួនឯងស្របតាមសម័យឌីជីថលតាមរយៈការទាញយកចំណេះដឹងបទពិសោធន៍ ពីការស្រាវជ្រាវតាមបណ្ដាញសង្គម រកបានយកមកសិក្សាបន្ថែមចំណេះដឹងពិសេសច្បាប់។ ទី២. បង្កើនពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពតាមឋានានុក្រម។ ទី៣. ចៀសឆ្ងាយឱ្យពីបទល្មើស (មិនចូលរួមមិនការពារមិនពាក់ព័ន្ធ) និងទី៤.បង្កើនការយកចិត្តទុកដាក់ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស គ្រប់ប្រភេទ។


សូមរំលឹកថាវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល២ថ្ងៃ (ថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៥) ដែលមានសិក្ខាកាមចំនួន១៥៤រូប (ស្រី២៣រូប) មកពីការិយាល័យទំនាញអធិការដ្ឋានក៏បានក្រុងស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលដែលបានរៀននូវមេរៀនសំខាន់ៗចំនួន៤រួមមាន៖ ១. ការស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់។ ២. ច្បាប់អន្តរជាតិ ការទប់ស្កាត់ការបង្ក្រាប និងផ្ដន្ទាទោសការជួញដូរមនុស្សពិសេសស្ត្រីនិងកុមារ។ ៣. ការកំណត់អត្តសញ្ញាណជនរងគ្រោះ និង៤. នីតិវិធីស៊ើបអង្កេតស្រាវជ្រាវប្រមូលភស្តុតាងក្នុងរឿងក្ដីជួញដូរមនុស្ស៕

ដោយ ស៊ុម វណ្ណា





