ក្រុង ស្រុកចំនួន៣ទៀតនៅខេត្តកំពង់ធំរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង
AKPកំពង់ធំ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥--
មន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានឱ្យដឹងកាលពីរសៀលថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៥ថាស្ថានភាពជំនន់ទឹកភ្លៀង(លើកទី៣)បានធ្វើឱ្យប៉ះពាល់លើផ្ទៃដីដំណាំស្រូវសរុបចំនួន១០១១ហិកតាលើ០៣ក្រុង ស្រុក១១ឃុំ សង្កាត់៥៣ភូមិ ស្មើនឹង១៣២៦គ្រួសារ។
ស្រុកស្ទោងប៉ះពាល់ចំនួន៣៧៤ហិកតា លើ០៥ឃុំ ៣១ភូមិ ស្មើនឹង ៦៤៥គ្រួសារ។ស្រុកកំពង់ស្វាយប៉ះពាល់ចំនួន៦២៨ហិកតា លើ០៥ឃុំ១១ភូមិ ស្មើនឹង ៦៧៦គ្រួសារនិងក្រុងស្ទឹងសែនផ្ទៃដីប៉ះពាល់ចំនួន៩ហិកតាលើ១សង្កាត់ ១ភូមិស្មើនឹង៥គ្រួសារ។


កន្លងមកខេត្តកំពង់ធំរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងលើ៣ស្រុកគឺស្រុកតាំងគោក ស្រុកបារាយណ៍និងស្រុកសន្ទុកបានធ្វើឱ្យប៉ះពាល់ដំណាំស្រូវសរុបចំនួន១៧៨១ហិកតាលើ ១៣ឃុំ៧១ភូមិ ស្មើនឹង២១១២គ្រួសារក្នុងនោះខូចខាតទាំងស្រុងចំនួន១០៥៦ហិកតាលើ០២ស្រុកគឺស្រុកតាគោកនិងស្រុកបារាយណ៍លើ៧ឃុំ៥២ភូមិ ស្មើនឹង១២៨៧គ្រួសារ។
ស្ថានភាពទឹកជំនន់នៅខេត្តកំពង់ធំស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់គិតត្រឹមថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៥ទឹកស្ទឹងសែនបានហក់ឡើងដល់កម្ពស់១៣,៩០ម៉ែត្រធៀបទៅនឹងឆ្នាំមុនរយៈពេលដូចគ្នាខ្ពស់ជាង០,៦១ម៉ែត្រកំពស់ទឹកត្រូវប្រុងប្រយ័ត្ន១៣,៥០ម៉ែត្រ។


ការងារបង្កបង្កើតផលលើដំណាំស្រូវរបស់កសិករខេត្តកំពង់ធំគិតត្រឹមថ្ងៃទី២៦កញ្ញាឆ្នាំ២០២៥អនុវត្តបានលើផ្ទៃដីចំនួន២៣៦១៦២ហិកតាស្មើនឹង១០៧,៣៥ភាគរយនៃផែនការ២២០០០០ហិកតាធៀបទៅនឹងឆ្នាំមុនរយៈពេល ដូចគ្នា ខ្ពស់ជាងចំនួន១៦០២៨ហិកតា។ទន្ទឹមនិងនេះដែរប្រជាកសិករខេត្តកំពង់ធំយកចិត្តទុកដាក់ដាំដំណាំរួមផ្សំបានចំនួន សរុបចំនួន៤៦១៧៦ហិកតា ធៀបទៅនិង ឆ្នាំមុនរយៈពេលដូចគ្នាទាបជាងចំនួន៦៨៨៥ហិកតានិងបានធ្វើការប្រមូលផលស្រូវស្រាលបង្កើនរដូវចំនួន៧៣២៣៤ហិកតាដោយទទួលបានទិន្នផលមធ្យម៤,៤២៤តោនក្នុង០១ហិកតា៕
ដោយ៖ ស៊ុមវណ្ណា





