សាខាកាកបាទក្រហមខេត្តព្រះសីហនុនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារសពលង់ទឹកចំនួន៣នាក់ នៅក្រុងកំពង់សោម
AKP ព្រះសីហនុ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ -- លោក សាមុត សុធារិទ្ធ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីសាខា អនុសាខាក្រុងកំពង់សោម និងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពចំនួន៣នាក់ (ស្លាប់ដោយសារលង់ទឹកសមុទ្រ) កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ទីកន្លែងកើតហេតុស្ថិតពយលោកយាយម៉ៅ។

ក្នុងឱកាសនោះលោក សាមុត សុធារិទ្ធ បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ព្រមទាំងបានពាំនាំនូវការសោកស្តាយពីឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ជូនចំពោះមរណភាពនៃការបាត់បង់នូវសាច់ញាតិ និងក្រុមគ្រួសារ ព្រោះនេះជាឧបទ្ទហេតុដែលយើងទាំងអស់គ្នាមិននឹកស្មានដល់ទាល់តែសោះ ។ ព្រមទាំងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ នៅពេលចុះលេងទឹកសមុទ្រ ត្រូវមានការប្រុងប្រយ័តនូវហានិភ័យកើតឡើងដោយយថាហេតុណាមួយ។

សូមជម្រាបជូនថា សម្ភារដែលឧបត្ថម្ភជូនគ្រួសារសពក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូក្រាម មី១កេស ទឹកសុទ្ធ ២កេស ទឹកផ្លែឈើ ១កេស ទឹកត្រី ១យួរ ត្រីខ ១យួរ កន្ទេល១ ឃីត១កញ្ចប់(មុង ភួយ សារុង ក្រមា) និងថវិកា៥០ម៉ឺនរៀល៕

ដោយ ងូ សុមុនី





