មនុស្សស្លាប់ចំនួន ៦៨នាក់ និងរបួសជាង ១០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នារដូវបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ -- ក្នុងឱកាសនៃពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះមានមនុស្សចំនួន ៦៨នាក់ បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ១៣៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គ្រោះអកុសលនេះបានកើតឡើងចំនួន ១០៣ករណី គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយលោកបានគូសបញ្ជាក់ថា មិនខុសពីមូលហេតុក្នុងឆ្នាំមុនៗនោះដែរទេនារដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌកន្លងទៅនេះកត្តាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនដោយសារការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ វ៉ាជែងមិនប្រកាន់ស្តាំ បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ស្រវឹង និងកត្តាយានយន្តជាដើម ដែលចាត់ទុកបញ្ហានេះជាសោកនាដកម្មដ៏គួរឱ្យព្រួយបារម្ភ។

លោក ទូច សុឃៈ បានសង្កត់ធ្ងន់ថា ទោះបីជាពេលនេះផុតរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏ដោយ ក៏ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើងបណ្ដាលឱ្យមានអ្នកស្លាប់ រងរបួស និងខាតបង់ទ្រព្យសម្បត្តិជារៀងរាល់ថ្ងៃ ខណៈប្រភពនៃបញ្ហាគឺការបើកបរបំពានច្បាប់ចរាចរណ៍ គ្មានការយល់យោគអធ្យាស្រ័យ និងខ្វះការប្រុងប្រយ័ត្នពីសំណាក់អ្នកបើកបរផ្ទាល់។
អ្នកនាំពាក្យដដែលបានរំលេចថា សម្រាប់រដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាង១០ថ្ងៃកន្លងទៅនេះមន្ត្រីនគរបាលចរាចរណ៍បានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មនូវការសម្រួលចរាចរណ៍គ្រប់តម្រាយផ្លូវ ដើម្បីផ្ដល់ភាពងាយស្រួល និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ រួមទាំងការធ្វើដំណើរទៅស្រុកកំណើត និងទីអារាម ដោយសមត្ថកិច្ចបានបន្តអនុវត្តគោលការណ៍មិនផាកពិន័យ។
យ៉ាងណាក៏ដោយលោកសង្កត់ធ្ងន់ថា ក្នុងស្ថានភាពសមត្ថកិច្ចមិនអនុវត្តច្បាប់មួយរយៈមកនេះ ប្រជាពលរដ្ឋអ្នកបើកបរមួយចំនួន កាន់តែបង្ហាញឥរិយាបថមិនយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ដែលបញ្ហានេះបានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍បន្តហក់ឡើង និងជាការបង្ហាញច្បាស់អំពីសារៈសំខាន់នៃការអនុវត្តច្បាប់ផាកពិន័យអ្នកល្មើស៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





