អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានលើកពេលទៅខែតុលា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥--ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានលើកពេលទៅខែតុលា ឆ្នាំ២០២៥វិញ ដោយសារខាងភាគីថៃមានការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគ របស់ខ្លួន នេះបើយោងតាមការជូនដំណឹងពីភាគីថៃ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅល្ងាចថ្ងៃទី២៦កញ្ញានេះថា យោធភូមិភាគទី៤កម្ពុជានឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការបន្តអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕

ដោយ៖ គង់ សិរីរ័ត្ន





