ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវជនបទនៅខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥--
គណៈប្រតិភូនៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិ ការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម រួមជាមួយប្រតិភូពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំផ្លូវជនបទចំនួន ០១ខ្សែ ប្រភេទក្រាល ល្បាយក្រួសក្រហម ស្ថិតនៅខេត្តព្រះវិហារ។
ផ្លូវមួយខ្សែនេះមានប្រវែងសរុប ៩ ០០០ម៉ែត្រ មានទទឹងតួផ្លូវចន្លោះពី ៥ម៉ែត្រ ទៅ ៦ម៉ែត្រ និងកម្រាស់ស្រទាប់ក្រាល ២០សង់ទីម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៩ ត្រង់ចំណុចភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ឆ្ពោះទៅកាន់ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាការងារដ៏សំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាព ប្រជាជននៅតំបន់នោះ។

យោងតាមរបាយការណ៍របស់ លោក ម៉ប់ ធីរិទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បាឱ្យដឹងថា ផ្លូវមួយខ្សែនេះ ជាគម្រោងលេខ DRR.Pm.2025.NO.024 ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាអ្នកទទួលការងារថែទាំខួបផ្លូវ ប្រកបដោយការយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារសំខាន់ៗដូចជា ការងារសម្អាតតួថ្នល់ចាស់, ការងារភ្ជួរ កៀរ និងកិនបង្ហាប់តួផ្លូវចាស់, ការងារធ្វើថ្នល់ចាស់ដោយក្រាលស្រទាប់ដីស និងការងារក្រាលល្បាយក្រួសជាដើម ដែលការងារទាំងនេះត្រូវបានអនុវត្តសម្រេចបាន១០០% ត្រឹមត្រូវតាមកិច្ចសន្យា និងបទដ្ឋានបច្ចេកទេស។

ក្នុងនាមជាគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារថែទាំផ្លូវ ឯកឧត្តម សាន វិសាល រួមទាំងគណៈកម្មការ បានឯកភាពទទួលយកលទ្ធផលអនុវត្តការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយយល់ឃើញថាលទ្ធផលនេះ ត្រឹមត្រូវតាមការកំណត់ក្នុងបទដ្ឋានបច្ចេកទេស ដូចមានចែងក្នុងកិច្ចសន្យា។ ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តាំផ្ញើ និងណែនាំដល់អ្នកទទួលខុសត្រូវលើការងារថែទាំផ្លូវខាងលើ ឱ្យបន្តធ្វើការត្រួតពិនិត្យថែទាំឱ្យបានល្អប្រសើរ ដើម្បីរក្សាបាននូវគុណភាព សោភ័ណភាព និងសុវត្ថិភាព។


ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការងារសហការណែនាំ និងបំផុសឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចូលរួមថែទាំផ្លូវ ដោយមានការយាមកាមយ៉ាងហ្មត់ចត់ និងទប់ស្កាត់រថយន្តដឹកទំនិញលើសចំណុះ កុំឱ្យធ្វើចរាចរណ៍លើផ្លូវនេះ ដើម្បីរក្សាគុណភាពផ្លូវឲ្យបានគង់វង្សយូរអង្វែង និងចាត់ទុកផ្លូវនេះជាសម្បត្តិរួមរបស់ពួកគាត់៕

ដោយ៖ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ





