បីខែចុងក្រោយនេះ ក្រុមមន្រ្ដីឧទ្យានុរក្សកត់ត្រាបានសត្វស្លាបទឹកចំនួន៥៣ នៅតំបន់រ៉ាមសារស្ទឹងសែន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥-- តំបន់រ៉ាមសារស្ទឹងសែនគឺជាតំបន់ដីសើមដ៏សំខាន់មួយនៃតំបន់បឹងទន្លេសាបដែលសម្បូរទៅដោយសត្វស្លាបទឹក និងជីវចម្រុះច្រើនប្រភេទ និងមានព្រៃលិចទឹកខ្ពស់ៗធំជាងគេ? នេះបើតាមការឱ្យដឹងពីអង្គការ NatureLife នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

នារដូវប្រាំង តំបន់រ៉ាមសារស្ទឹងសែនប្រែជាវាលស្មៅធំទូលាយ ចំណែកនៅរដូវវស្សាវិញ វាប្រែក្លាយទៅជាផ្ទៃទឹកខៀវស្រងាត់ ជាមួយនឹងព្រៃលិចទឹកធំដ៏អស្ចារ្យ។ អ្វីដែលកាន់តែពិសេសនោះ តំបន់រ៉ាមស្ទឹងសែនមានព្រៃលិចទឹកខ្ពស់ៗធំបំផុតនៅក្នុងតំបន់ទន្លេសាប។ ការផ្លាស់ប្តូរតាមរដូវនេះបានបង្កើតជាប្រព័ន្ធអេកូឡូស៊ីសមស្របសម្រាប់ផ្តល់អាហារ និងជម្រកសំខាន់សម្រាប់ប្រភេទសត្វជិតផុតពូជជាច្រើនប្រភេទ ជាពិសេសមច្ឆជាតិ និងសត្វស្លាបទឹក។ តំបន់ដីសើមនេះបានដើរតួនាទីក្នុងការផ្ដល់ជាកន្លែងរកអាហារដ៏សំខាន់សម្រាប់សត្វស្លាបទឹក និងសត្វស្លាបទេសប្រវេសន៍ផងដែរ។

ដោយមានការគាំទ្រថវិកាពីមូលនិធិ CEPF អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានសហការជិតស្និទ្ធជាមួយមន្ត្រីឧទ្យានុរក្សនៅតំបន់រ៉ាមសារស្ទឹងសែន ដើម្បីអនុវត្តការល្បាតតាមដានជីវចម្រុះជាប្រចាំ។ តាមរយៈកម្មវិធី SMART យើងបានកត់ត្រា និងតាមដានជាប្រចាំនូវអ្វីកំពុងកើតឡើងនៅតំបន់នេះ។ ក្នុងរយៈពេលបីខែចុងក្រោយនេះ ក្រុមមន្រ្ដីឧទ្យានុរក្សបានកត់ត្រាបានសត្វស្លាបទឹកចំនួន៥៣ប្រភេទ ក្នុងចំណោមនោះមានប្រភេទកម្រ និងជិតរងការគំរាមកំហែង ដូចជា អកត្រីក្បាលប្រផេះ ទុងប្រផេះ រនាលពណ៍ ចាបពូកទ្រូងលឿង ស្មោញ និងត្រដក់តូចជាដើម។


កំណត់ត្រានេះបានបន្ដរំលឹកយើងថា ស្ទឹងសែនជាតំបន់ដីសើមដ៏សំខាន់ និងសម្បូរទៅដោយជីវចម្រុះ ហើយយើងទាំងអស់គ្នាត្រូវចូលរួមការពារធនធានធម្មជាតិដ៏សំខាន់នេះជាមួយគ្នា។ ការអភិរក្សមិនមែនជាការទទួលខុសត្រូវរបស់មន្ត្រីឧទ្យានុរក្សតែប៉ុណ្ណោះទេ ប៉ុន្តែជាការងារសម្រាប់អ្នករាល់គ្នាដែលគិតគួរដល់អនាគតធម្មជាតិ៕
ដោយ ណយ នឿន (ប្រភព៖ NatureLife)





