រដ្ឋបាលខេត្តព្រះសីហនុស្វាគមន៍ជើងហោះហើរត្រង់ពីទីក្រុងស៊ិនជិន មកកាន់ខេត្តព្រះសីហនុឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia
AKP ព្រះសីហនុ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥-- លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលការស្វាគមន៍នៃការមកដល់របស់អ្នកដំណើរតាមជើងហោះហើរត្រង់ពីទីក្រុងស៊ិនជិន ប្រទេសចិន មកកាន់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដោយមានការចូលរួមពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងមន្ទីរ អង្គភាពពាក់ព័ន្ធនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

លោកអភិបាលរងខេត្តបានថ្លែងថា នេះជាជើងហោះហើរត្រង់មួយបន្ថែមទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ដែលបាននាំយកអ្នកដំណើរពីទីក្រុងស៊ិនជិន ប្រទេសចិន សរុបចំនួន ១៤៨នាក់ បានធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិ កងកេង ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពនៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ០២៥។

ការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ទៅកាន់ទីក្រុងស៊ិនជិន ប្រទេសចិន គឺជាឆ្លើយតបចំពោះយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលបានរៀបចំឡើងដោយរដ្ឋាភិ បាលនៃប្រទេសទាំងពីរ និងជាការពង្រីកគោលដៅហោះ ហើរថ្មីៗមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ដើម្បីបំពេញតម្រូវ ការភ្ញៀវដែលកំពុងមានការកើនឡើងទាំងផ្នែកពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគរបស់ប្រជា ជននៃប្រទេសទាំងពីរ។ រដ្ឋបាលខេត្តព្រះសីហនុ រីករាយ និងស្វាគមន៏ការមកដល់របស់ជើងហោះ ហើរត្រង់ពីប្រទេសចិន ដែលនាំយកភ្ញៀវទេសចរ និងអ្នកវិនិយោគជាតិ និងអន្តរជាតិមកកាន់ខេត្តព្រះសីហនុ។ លោកសង្ឃឹមថានឹងមានការតភ្ជាប់ជើងហោះហើរថ្មីៗបន្ថែមទៀតនៅពេលខាងមុខ។


សូមរំលឹកផងដែរថា ខេត្តព្រះសីហនុធ្លាប់ទទួលបានជើងហោះហើរត្រង់ពីទីក្រុងស៊ិនជិន ប្រទេសចិនម្តងរួចមកហើយ ក៏ប៉ុន្តែត្រូវបានផ្អាកដំណើរការទៅវិញដោយសារតែវិបត្តិកូវីដ-១៩៕
ដោយ ងូ សុមុនី





