ឯកឧត្តម ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតត្រៀមចូលរួមកម្មវិធីហាត់ការប្រទេសអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតត្រៀមចូលរួមកម្មវិធីហាត់ការនៅប្រទេសអ៊ីស្រាអែល ឆ្នាំសិក្សា ២០២៥-២០២៦ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តនិស្សិតត្រៀមចូលរួមកម្មវិធីហាត់ការទាំងអស់ឱ្យខិតខំសិក្សាស្រាវជ្រាវនិងអនុវត្ត ដើម្បីបង្កើនសមត្ថភាព និងបទពិសោធន៍ថ្មីៗសម្រាប់ជ្រោមជ្រែង និងបម្រើដល់ការអភិវឌ្ឍន៍វិស័យកសិកម្មរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើនិស្សិតទាំងអស់ឱ្យរក្សាភាពប្រុងប្រយ័ត្ននិងអនុវត្តវិធានការសុវត្ថិភាព ចេះរួបរួមសាមគ្គីគ្នា (នៅផ្ទះម្ដាយទីទៃនៅព្រៃម្ដាយជាមួយ) ត្រូវធ្វើខ្លួនឱ្យក្លាយជាទូតសុឆន្ទៈតំណាងឱ្យប្រទេស ហើយក៏សូមជូនពរឱ្យមានសុខភាពល្អ សុខសុវត្ថិភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)





