ក្រុមការងារជាមន្រ្តីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពទឹកជាក់ស្ដែងតាមបណ្តាប្រព័ន្ធធារាសាស្រ្ត ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥-- មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាប្រព័ន្ធធារាសាស្រ្ត ក្នុងខេត្តកំពង់ធំ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

ក្រុមការងារបានចុះពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រចំនួន៤ ក្នុងស្រុកសន្ទុក ស្រុកកំពង់ស្វាយ ស្រុកស្ទោង និងស្រុកប្រាសាទបាល្ល័ង្គ រួមមាន៖ ទី១) ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង មានប្រភពទឹកពីស្ទឹងតាំងក្រសាំង ទី២) ប្រព័ន្ធធារាសាស្រ្ត៣០កញ្ញា មានប្រភពទឹកពីស្ទឹងស្ទោង ទី៣) ប្រឡាយអូរជីម៉ាស មានប្រភពទឹកពីអាងទឹក៣០កញ្ញា និងទី៤) ប្រឡាយទំពេជ មានប្រភពទឹកពីអូរគោលង់។

ការងារចំពោះមុខបន្តទៀតនោះគឺការយកចិត្តទុកដាក់ក្នុងការពង្រឹងការគ្រប់គ្រងប្រតិបត្តិការបិទបើកទឹកតាមបច្ចេកទេសនៅតាមសំណង់ស្ទាក់ទឹក និងតាមដានស្ថានភាពទឹកនៅតាមអាងទឹក និងប្រព័ន្ធធារាសាស្ត្រនានា ព្រមទាំងរាយការណ៍ជាប្រចាំមកក្រសួង ហើយត្រៀមលក្ខណៈជានិច្ច ដើម្បីឆ្លើយតបចំពោះគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័សផងដែរ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន។

គួរបញ្ជាក់ថា ក្នុងភូមិសាស្ត្រខេត្តកំពង់ធំមានប្រភពទឹកស្ទឹងសំខាន់ៗចំនួន៤គឺ ស្ទឹងសែន ស្ទឹងស្ទោង ស្ទឹងជីនិត និងស្ទឹងតាំងក្រសាំង។ គិតត្រឹមម៉ោង៦៖០០នាទីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ កម្ពស់ទឹកនៅតាមបណ្តាស្ថានីយមួយចំនួនដូចជា៖ ទី១) ស្ថានីយកំពង់ធំ (ស្ទឹងសែន) ទឹកមានកម្ពស់ ១៣,៩០ម៉ែត្រ ទី២) អាងទឹក៣០កញ្ញា (ស្ទឹងស្ទោង) ទឹកមានកម្ពស់ ៣,៥ម៉ែត្រ ទី៣) អាងទឹកស្ទឹងជីនិត (ស្ទឹងជីនិត) ទឹកមានកម្ពស់ ១៦,៣៥ម៉ែត្រ ទី៤) ស្ទឹងតាំងក្រសាំង (ស្ពាន) ទឹកមានកម្ពស់ ៤,២៥ម៉ែត្រ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម )





