និស្សិត DMC សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្កើតវីដេអូឯកសារអំពីការងារនៃជនជាតិដើមភាគតិច កាវ៉ែត
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥--
និស្សិតមួយក្រុមនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាប់ផ្តើមបង្កើតវីដេអូឯកសារអំពីការងារនៃជនជាតិដើមភាគតិចកាវ៉ែត និងជាអ្នកអភិរក្សក្នុងសហគមន៍នោះ ក្រោយអានព័ត៌មានពីការផ្សព្វផ្សាយអំពីឧទ្យានជាតិវើនសៃ–សៀមប៉ាង ដោយអង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការ CI) និងដៃគូ។ មុននឹងចាប់ផ្តើមផលិតកម្ម ក្រុមនិស្សិតក៏បានជួបជជែក ស្នើយោបល់ និងការគាំទ្របច្ចេកទេសខ្លះពីក្រុមការងារនៃអង្គការCI ដើម្បីជាទុនក្នុងការផលិតឯកសារនេះឱ្យកាន់តែអត្ថន័យ និងគុណភាព។

ប្រភពពីអង្គការCI បានឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ថា នេះជាសក្ខីភាពបង្ហាញថា ការផ្សព្វផ្សាយអប់រំបន្ថែមពីគុណតម្លៃនៃការថែរក្សាការពារធនធានធម្មជាតិ គឺពិតមានសារៈសំខាន់ណាស់ អាចកៀគរការចូលរួមឱ្យកាន់តែច្រើន និងក្លៀវក្លាថែមទៀតពីភាគីពាក់ព័ន្ធគ្រប់លំដាប់។ អង្គការ CI សូមលើកទឹកចិត្តដល់យុវជនឱ្យប្រើប្រាស់ចំណេះដឹង និងបច្ចេកទេសរបស់ខ្លួន រួមផ្សព្វផ្សាយអប់រំ និងធ្វើសកម្មភាពជាវិជ្ជាមាននានារួមចំណែកដល់ការការពារនិងស្តារបរិស្ថានធម្មជាតិ និងអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ការផលិតវីដេអូឯកសារនេះ គឺជាផ្នែកមួយនៃកម្មវិធីសិក្សាថ្នាក់ឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ DMC ដើម្បីអនុញ្ញាតិឱ្យនិស្សិតរៀនផង និងអនុវត្តជំនាញផលិតឯកសារបង្ហាញពីសាច់រឿងសង្គមផង។ វីដេអូឯកសារ បង្ហាញព័ត៌មានខ្លះអំពីឧទ្យានជាតិវើនសៃ–សៀមបាង និងកិច្ចខិតខំរបស់សហគមន៍ ក្នុងការពារព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះ នឹងចាក់បញ្ចាំងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៕

ដោយ ណយ នឿន (ប្រភព៖ Cl)





