ភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តកំពង់ស្ពឺមានចំនួនប្រមាណ១០ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ
AKP កំពង់ស្ពឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥--
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃដោយចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងស្នាក់នៅទូទាំងខេត្តមានចំនួនប្រមាណ១០ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិប្រមាណ៤៦០នាក់។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានលើកឡើងបន្តទៀតថា ក្រោមម្លប់សន្តិភាព កត្តាសន្តិសុខ សុវត្ថិភាព និងផ្លូវគមនាគមន៍ល្អប្រសើរជាដើម បានជំរុញឱ្យប្រជាពលរដ្ឋមកកម្សាន្តសប្បាយ និងស្នាក់នៅយ៉ាងច្រើនកុះករ។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តបានខិតខំរៀបចំ ព្រឹត្តិការណ៍បានច្រើនដូចជា បានបង្ហាញពីសេវាកម្មថ្មីៗនៅតាមរមណីយដ្ឋានទេសចរណ៍នានាដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវផងនិងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តផងដែរ។

លោក រស់ សុខ បន្តថា ខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍សំខាន់ៗទាក់ទាញភ្ញៀវទេសចរមានដូចជា តំបន់កសិកទេសចរណ៍ ម៉ុងឬទ្ធី សែនជ័យ តំបន់អេកូទេចរណ៍នៅតំបន់ សហគមន៍គោកមានទី (ទឹកធ្លាក់ជ្រាវ) ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ ភ្នំឱរ៉ាល់ និងភ្នំខ្នងផ្សារ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលធ្វើឱ្យមានរមណីយដ្ឋានរហូតដល់២៩កន្លែងក្នុងទូទាំងខេត្ត ក្នុងនោះរមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្រ្តមានចំនួន៤កន្លែង និងរមណីយដ្ឋានធម្មជាតិកែច្នៃមានចំនួន៩កន្លែង និងរមណីយដ្ឋានកសិទេសចរណ៍ចំនួន៣កន្លែង។ បន្ថែមពីនេះ ខេត្តបានជំរុញឱ្យមន្ទីរបានធ្វើការផ្សព្វផ្សាយជាប្រចាំដល់បណ្ដាមូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើអនាម័យ សេវាល្អ បរិស្ថានគ្មានផ្សែងបារីផងដែរពីសំណាក់ប្រតិបត្តិករទេសចរណ៍ (វិស័យឯកជន) ដើម្បីបម្រើបាននូវតម្រូវការ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាម្ដងហើយម្ដងទៀត ក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ៕

ដោយ លឹម សាន្ត





