ក្រសួងការពារជាតិបង្ហាញពីវឌ្ឍនភាពការងារបន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥–ក្រសួងការពារជាតិបានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី ១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពី ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ភាគីកម្ពុជា និងភាគីថៃ បានសម្រេច ការងារកន្លងមក។

ខាងក្រោមនេះគឺជាការបង្ហាញនូវការអនុវត្តនីមួយៗដូចខាងក្រោម ៖
១. ការសម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធោបករណ៍
ការងារសម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធោបករណ៍ ឱ្យត្រឡប់ទៅមូលដ្ឋាន ដើមវិញ បច្ចុប្បន្នភាគីទាំងពីរកំពុងរៀបចំក្រុមការងារផ្ទៃក្នុងស្របតាមការកំណត់របស់កិច្ចប្រជុំពិសេសលើកទី ១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC)។ តាមកាលកំណត់ក្នុងរយៈពេល បី (៣) សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី ១ នេះ ក្រុមការងាររបស់ភាគីទាំងពីរ នឹងចាប់ផ្តើមជួបពិភាក្សាគ្នាក្នុងការរៀបចំ ផែនការសកម្មភាពពាក់ព័ន្ធនឹងការកែសម្រួលនេះ ដោយពិនិត្យលើស្ថានភាពជាក់ ស្តែង និងជាជំហានៗ។ ផែនការសកម្មភាពនេះនឹងត្រូវយកទៅអនុវត្តក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អា ស៊ាន (AOT) ដើម្បីឱ្យកិច្ចការនេះដំណើរការទៅបានដោយប្រសិទ្ធិភាព តម្លាភាព និងការជឿទុកចិត្តគ្នាបាន។
ទន្ទឹមនឹងនេះផងដែរ ភាគីកម្ពុជា និងភាគីថៃ បានធ្វើការពិនិត្យ និងផ្លាស់ប្តូរកែសម្រួលលើសេចក្តីព្រាង លក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់អ្នកសង្កេតការណ៍អាស៊ាន (AOT) ជាបន្តបន្ទាប់ ទាំងនៅក្នុងកិច្ចប្រជុំ ពិសេសលើកទី ១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នៅខេត្តកោះកុង និងចុងក្រោយបំផុតភាគីកម្ពុជាបានផ្ញើសេចក្តីព្រាងកែសម្រួលទៅភាគីថៃនៅ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៥។ បច្ចុប្បន្នភាគីកម្ពុជា កំពុងរង់ចាំការឆ្លើយតបឯកភាពពីភាគីថៃ។
២. ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដោយរួមបញ្ចូលការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភាគីកម្ពុជា និងភាគីថៃ បានជួបប្រជុំលើកទី ១ កាលពីថ្ងៃទី១៦ ខែកញ្ញា ៣២០២៥ នៅខេត្តស្រះកែវ ប្រទេសថៃ ពាក់ព័ន្ធនឹងការបង្កើតក្រុមការងាររវាងក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិនៃប្រទេសទាំងពីរ ដើម្បីឈានទៅរៀបចំផែនការសកម្មភាពប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដោយរួមបញ្ចូលការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចប្រជុំនេះភាគីកម្ពុជាដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងភាគីថៃដឹកនាំដោយ នាយឧត្តមសេនីយ៍ Thatchai Pitaneelaboot អគ្គាធិការជាន់ខ្ពស់នៃនគរបាលភូមិន្ទថៃ។
ភាគីទាំងពីរ ត្រៀមអនុវត្តកិច្ចសហប្រតិបត្តិការនេះដោយគោរពគ្នាទៅវិញទៅមក ដោយឈរលើស្មារតី កិច្ចសហប្រតិបត្តិការល្អ គោរពតាមច្បាប់ និងអធិបតេយ្យ នៃប្រទេសរៀងៗខ្លួន។ តាមផែនការ ភាគីទាំងពីរ នឹង ត្រូវជួបប្រជុំនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបន្តពិភាក្សាលើផែនការសកម្មភាពនេះ ប៉ុន្តែត្រូវបានលើក ពេលតាមការស្នើសុំរបស់ភាគីថៃ។
៣. ការងារដោះមីនមនុស្សធម៌ភាគីកម្ពុជា និងភាគីថៃ បានរៀបចំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force - JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុ ជា-ថៃ តាមប្រព័ន្ធ Video Teleconference (VTC) កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានធ្វើការប្រកាសសមាសភាពក្រុមការងារ និងបានធ្វើការផ្លាស់ប្តូរឯកសារនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ដំណើរការការងាររបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ ដើម្បីបន្ត ពិភាក្សា។ កិច្ចការងារបន្តបន្ទាប់របស់ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ រួមមានការរៀបចំ បំពេញបន្ថែមសមាសភាពក្រុមការងារ,ការរៀបចំនិយាមនីតិវិធីប្រតិបត្តិ(SOP) ព្រមទាំងការសិក្សានិងពិភាក្សា តំបន់អាទិភាពក្នុងការដោះមីនមនុស្សធម៌ដែលនឹងត្រូវព្រមព្រៀងដោយភាគីទាំងពីរ។
៤. កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងកងទ័ពភូមិភាគទី១ ថៃ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានលើកពេលទៅខែ តុលា ឆ្នាំ២០២៥ ខាងមុខនេះ តាមការស្នើសុំរបស់ភាគីថៃ ដោយហេតុថា ភាគីថៃ បានបញ្ជាក់មកថា នឹងមាន ការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពរបស់ខ្លួននាពេលខាងមុខ។ ទន្ទឹមនឹងនេះផងដែរ បញ្ជាការដ្ឋាន ការពារព្រំដែន ចន្ទបុរី-ត្រាត ពុំទាន់បានបញ្ជាក់អំពីកាលបរិច្ឆេទកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិ ភាគកម្ពុជា-ថៃ (RBC) ជាមួយនឹងយោធភូមិភាគទី៣ និងទី៥ កម្ពុជានោះទេ ដោយសារខណៈពេលនេះភាគីថៃ កំពុងមានការកែសម្រួលនិងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពរបស់ខ្លួន។ យោធភូមិភាគទី៣ និង ទី៥ កម្ពុជា នឹងបន្ត ជំរុញការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហការ ប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរ ព្រមទាំងស្វែងតែខុសហ ក៏ដូចជាការវិលត្រឡប់ទៅរក ប្រក្រតីភាពឡើងវិញ។ ទន្ទឹមគ្នានេះ យោធភូមិភាគទី៤ កម្ពុជាបានចេញលិខិតអញ្ជើញកងទ័ពភូមិភាគ២ថៃចូលរួមក្នុងកិច្ចប្រជុំ RBC ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២៥ ខាងមុខនេះ ហើយភាគីកម្ពុជា កំពុងរង់ចាំការឆ្លើយតបពីភាគីថៃ។
៥. ករណីស្ថានភាពនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះ រាជាណាចក្រកម្ពុជា ទល់មុខ ភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំ ពិសេសលើកទី១របស់ GBC ភាគីទាំងពីរបានព្រមព្រៀងគ្នាទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជា យន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែង និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពបញ្ជូនបញ្ហា នេះជារបៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់នៃគណៈកម្មការចំរុះព្រំដែន (JBC) និង បានប្រគល់ភារកិច្ចដល់គ ណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន (JBC)។

ថ្មីៗនេះ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះ កែវ បានជួបប្រជុំពិភាក្សាគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី។
ក្នុងស្មារតីបន្តគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជូនលិខិតអញ្ជើញអភិបាលខេត្តស្រះកែវ ដើម្បី ជួបប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ទាក់ទងនឹងភូមិព្រៃចាន់ និងភូមិ ជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ទល់មុខភូមិណងយ៉ាកែវ ឃុំគោកស៊ូង និងភូមិណងចាន់ ឃុំណងម៉ាក់មូន ស្រុកគោកស៊ូង ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដែល គ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែតាមរយៈសារព័ត៌មានរបស់ប្រទេសថៃ ភាគីថៃបដិសេធមិន ចូលរួមក្នុងកិច្ចប្រជុំនេះឡើយ។ចំពោះករណីតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឯកឧត្តម នាយឧត្តម សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាសហប្រធានគណៈកម្មាធិការព្រំដែន ទូទៅ កម្ពុជា-ថៃ (GBC) បានផ្ញើលិខិតចំនួនពីរ (២) ច្បាប់ (នៅថ្ងៃទី១៨ និង ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៥) ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ណាតតាផុន ណាកផានីក រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និង ជាសហប្រធានគណកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដើម្បីជួយសម្របសម្រួល ព្រមទាំងចាត់វិធាន ការសមស្របចំពោះសកម្មភាព ការប្រកាស និង ការចេញលិខិតរបស់អភិបាលខេត្តស្រះកែវ ដែលផ្ទុយទៅនឹង ស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី ១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)៕

ដោយ៖មករា





