កសិករ ក្នុងឃុំពេជចង្វារ ស្រុកបរិបូណ៍ បង្កើត សហគមន៍កសិកម្មទំនើបខេមសុីដ
AKP ភ្នំពញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥--
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ថា
ទីបំផុត ខេត្តកំពង់ឆ្នាំង នឹងមានសហគមន៍កសិកម្មទំនើបទីមួយរបស់ខ្លួនហើយ។ គឺ«សហគមន៍កសិកម្មទំនើបខេមសុីដ» ដែលស្ថិតក្នុងឃុំពេជចង្វារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង គ្រោងនឹងរៀបចំមហាសន្និបាតកំណើតរបស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះ ។

ឯកឧត្តម អនុរដ្ឋលេខាធិការ បន្តថា ក្នុងពេលជាមួយគ្នានេះ «សហគមន៍កសិកម្មទំនើបខេមសុីដ»ក៏បានចុះកិច្ចព្រមព្រៀងទទួលយកជំនួយឥតសំណងភ្លាមៗពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងទំហំទឹកប្រាក់ចំនួន១៦មុឺនដុល្លារស្មើ ៤០ភាគរយនៃទំហំផែនការវិនិយោគ ដែលនឹងអនុញ្ញាតឱ្យសហគមន៍អាចវិនិយោគលើឡសម្ងួត ឃ្លាំងស្តុកពូជស្រូវ ម៉ាសុីនច្រូត ឡានដឹកជញ្ជូន ផ្ទះសំណាញ់ ៤៨ខ្នង និងឧបករណ៍សម្ភារៈផលិតកម្មផ្សេងៗទៀត។

សូមបញ្ជាក់ថា «សហគមន៍កសិកម្មទំនើបខេមសុីដ» បានចុះកិច្ចព្រមព្រៀងទទួលយកសមាជិកជាង ២០០គ្រួសារ និងផ្ទៃដីផលិតកម្មជិត ៥០០ហិកតា ដោយផ្តោតលើផលិតកម្មនិងការផ្គត់ផ្គង់មុខដំណាំ ២ប្រភេទគឺ ស្រូវពូជ និងបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ៕

ដោយ៖ ណយ នឿន





