អភិបាលខេត្តបន្ទាយមានជ័យថ្លែងអំណរគុណសប្បុរសជននានា ដែលបានផ្តល់អំណោយជូនកងកម្លាំងការពារព្រំដែន
AKP បន្ទាយមានជ័យថ្ងៃទី២៣ខែសីហាឆ្នាំ២០២៥---
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសាមគ្គីរបស់សប្បុរសជននានា ដែលបាននិងកំពុងបន្តនាំយកអំណោយមកប្រគល់ជូនដល់រដ្ឋបាលខេត្ត ដើម្បីយកទៅជូនដល់កងកម្លាំងប្រចាំការឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ការថ្លែងអំណរគុណនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបានទទួលអំណោយពីលោកស្រី ជុន សុផានៀត ម្ចាស់ក្រុមហ៊ុនទឹកស្អាត ជុន សុផានៀត ឃុំអូរបីជាន់។ អំណោយដែលលោកស្រីបានឧបត្ថម្ភរួមមាន អង្ករ ៣,០០០ គីឡូក្រាម, ទឹកសុទ្ធ ៥០ កេស, អំបិល ៥០ ប្រអប់, ប្រហុក ៥០ ប្រអប់, និង នំ ៥០ កញ្ចប់។
ឯកឧត្តម អ៊ុ រាត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់លោកស្រី ជុន សុផានៀត។
ឯកឧត្តមបានគូសបញ្ជាក់ថា៖ "ការចូលរួមឧបត្ថម្ភនេះ គឺជាការលើកទឹកចិត្ត និងឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួមចំណែកសម្រាលការលំបាករបស់កងកម្លាំង ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកកងកម្លាំងប្រដាប់អាវុធជាសមរភូមិមុខ និងសមរភូមិក្រោយ ក្នុងការរួមគ្នាការពារជាតិមាតុភូមិពីសំណាក់សត្រូវឈ្លានពាន"។

ឯកឧត្តម អ៊ុ រាត្រី បានថ្លែងថាអំណោយដ៏ថ្លៃថ្លានេះមិនត្រឹមតែជាការជួយឧបត្ថម្ភជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពី ស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងកម្លាំងការពារជាតិ ដែលជាកម្លាំងស្នូលក្នុងការថែរក្សាសន្តិភាព និងបូរណភាពទឹកដី។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសាមគ្គីជាតិរបស់សប្បុរសជននានា ចំពោះសុខទុក្ខកងកម្លាំងការពារជាតិ ដែលជាកម្លាំងស្នូលក្នុងការថែរក្សាសន្តិភាព និងបូរណភាពទឹកដីពីការឈ្លានពានរបស់សត្រូវ។
ក្នុងឱកាសដ៏សំខាន់នេះដែរ ឯកឧត្តមអភិបាលខេត្តបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំប្រសិទ្ធិពរជ័យ សិរីសួស្តី វិបុលសុខគ្រប់ប្រការជូនដល់លោកស្រី ជុន សុផានៀត ព្រមទាំងក្រុមគ្រួសារ និងប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមក៏បានបួងសួងសុំឲ្យសង្គ្រាមឈ្លានពានលើទឹកដីខ្មែរឆាប់ផុតរលត់ និងសុំឲ្យពួកចោរឈ្លានពានវិនាសអន្តរាយអស់ទៅផងដែរ៕
ដោយ ៖ឈុនសារ៉ាត





