អភិបាលខេត្តតាកែវ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តតាកែវ បានរៀបចំបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ប្រចាំខែសីហាឆ្នាំ2025ក្រោមអញ្ជើញជាអធិបតីក្នុងពិធីនោះដោយឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកលោកស្រីអភិបាលរងខេត្តតាកែវ លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលអភិបាលរង ក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុក ផ្នែកសឹករងក្រុង-ស្រុក មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ មេប៉ុស្ដរដ្ឋបាលឃុំ-សង្កាត់ទាំង100ក្នុងខេត្តតាកែវ និងមន្ត្រីរាជការពាក់ព័ន្ធចូលរួមផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវបានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ឯកឧត្តមអភិសន្តិបណ្តិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ និងដាក់ចេញយុទ្ធសាស្រ្តគន្លឹះសំខាន់ៗសម្រាប់អនុវត្ដលើគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ដើម្បីរួមចំណែកលើកកម្ពស់គោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ដិភាព ឲ្យបានកាន់តែល្អប្រសើរ ផ្ដល់ទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋ គប្បីអាជ្ញាធររួមនឹងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចូលរួមឲ្យសកម្មលើកិច្ចការងារនេះ។ពិសេសត្រូវបង្កើនការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ចោរលួចឆក់ប្លន់ និងបទល្មើសផ្សេងៗទៀតដែលបង្កអសន្ដិសុខដល់សង្គមជាតិ។ក្នុងនោះដែរក៏ត្រូវចូលរួមលើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយផ្សេងៗ និងជំងឺរាតត្បាតនៅគ្រប់កាលៈទេសៈ។ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទ នៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំនិងក្រើនរំលឹកបន្ថែមទៀត ដល់សមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាមទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ឲ្យខាងតែបានរាល់បទល្មើសផ្សេងៗដែលលួចឆ្លងដែនខុសច្បាប់ មកកាន់ប្រទេសកម្ពុជាយើង។ជាមួយគ្នានេះយើងក៏ត្រូវពិនិត្យមើលរាល់ការនាំចូលទំនិញផ្សេងៗផងដែរ ដើម្បីធានាបានូវសុវត្ថិភាពនិងសុខភាពជូនប្រជាពលរដ្ឋ៕
ដោយ៖ អ៊ុច សៀង





