រដ្ឋបាលខេត្តកំពង់ធំប្រកាសទទួលស្គាល់លោក ហាន កុសល ចូលកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ
AKPកំពង់ធំថ្ងៃទី២៣ខែសីហាឆ្នាំ២០២៥--
រដ្ឋបាលខេត្តកំពង់ធំកាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០២៥បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងលោក ហាន កុសល ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ជំនួសលោក ញឹក បានខេងដែលបានទៅបំពេញភារកិច្ចថ្មី ជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ក្រោមធិបតីភាព ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ គណៈប្រតិភូក្រសួងមហាផ្ទៃ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត។

ឯកឧត្តម នួន ផារ័ត្នបានសម្តែងនូវការសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ហាន កុសល ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ធំនៅពេលនេះ។

ឯកឧត្តម នួន ផារ័ត្នបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ប្រទេសកម្ពុជាយើង បានទទួលនូវការឈ្លានពាន និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើបូរណភាពទឹកដី និងអធិបតេយ្យជាតិពីសំណាក់កងទ័ពថៃ។រដ្ឋបាលខេត្តបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អនុវត្តនូវកិច្ចការសំខាន់ៗ មួយចំនួន ដោយបានបញ្ជូនក្រុមគ្រូពេទ្យទៅព្យាបាលជូនវីរកងទ័ព និងបងប្អូនជនភៀសសឹក។បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយគ្រួសារសពវីរកងទ័ពពលី ព្រមជា មួយនឹងការឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគមួយចំនួន បានចុះសាកសួរសុខទុក្ខនិងឧបត្ថម្ភវីរកងទ័ពដែលសម្រាកព្យាបាលនៅខេត្តកំពង់ធំជាប្រចាំ។បានរៀបចំថវិកា និងស្បៀងអាហារដែលប្រមូលបានពីសប្បុរសជននានា ដឹកជញ្ជូន ទៅឧបត្ថម្ភជូនកងទ័ពជួរមុខ និងជនភៀសសឹកនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានរៀបចំទីតាំងសម្រាប់ទទួលជនភៀសសឹកសម្រាប់ ទទួលបងប្អូនភៀសសឹកករណីចាំបាច់ផងដែរ។

ឯកឧត្តម អ៊ុ ម៉ារ៉ា បានលើកឡើងអំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តវិវត្តន៍ប្រែប្រួល ស្មុគស្មាញ និងគ្រោះថ្នាក់ ទោះបីជាមានបទឈប់បាញ់រវាងប្រទេសទាំងពីរក៏ដោយ ព្រមទាំងសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្តកំពង់ធំ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលបានបង្ហាញនូវការយកចិត្តទុកដាក់ អនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ជាចុងក្រោយ ឯកឧត្តម អ៊ុ ម៉ារ៉ា បានសំណូមពរដល់អភិបាលរងខេត្តថ្មី សូមខិតខំប្រឹងប្រែងអនុវត្ត តួនាទីភារកិច្ច តាមរយៈ ចំណេះដឹង សមត្ថភាព និងបទពិសោធន៍ការងាររបស់ខ្លួន ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានខេត្តកំពង់ធំ ឱ្យកាន់តែមានភាពរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕
ដោយ៖ ស៊ុម វណ្ណា





