អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រជុំត្រៀមលក្ខណៈកិច្ចសហការដើម្បីធានាដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ប្រកបដោយភាពរលូន
AKP បន្ទាយមានជ័យថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៥--
រដ្ឋបាលខេត្តបន្ទាយមានជ័យបានដឹកនាំកិច្ចប្រជុំមួយដើម្បីត្រៀមផ្តល់កិច្ចសហការពេញលេញក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ខាងមុខនេះ។

កិច្ចប្រជុំនេះធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត។

មានប្រសាសន៍ក្នុងឱកាសនោះ លោក យឹម សំណាង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាបាននូវសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមមណ្ឌលប្រឡងទាំងអស់។ លោកបានណែនាំឲ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវត្រៀមដាក់ពង្រាយកម្លាំងឲ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីបង្កបរិយាកាសស្ងប់ស្ងាត់និងមានរបៀបរៀបរយសម្រាប់បេក្ខជនប្រឡងទាំងអស់។

ជាមួយគ្នានេះដែរ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៥ នេះ ខេត្តបន្ទាយមានជ័យមានបេក្ខជនដាក់ពាក្យប្រឡងសរុប ៦.៥៥២ នាក់ ក្នុងនោះស្រី ៣.៧២៥ នាក់។ ការប្រឡងនឹងរៀបចំឡើងនៅតាមមណ្ឌលប្រឡងចំនួន ៨ កន្លែងរួមមាន
មណ្ឌលបឋម ហ៊ុន សែន សូភី បេក្ខជន ៦៥០ នាក់ (ស្រី ៣៨៣ នាក់), វិទ្យាល័យ ហ៊ុន សែន ខ្លាកូន បេក្ខជន ៦២៥ នាក់ (ស្រី ៣៨៨ នាក់)
, សាកលវិទ្យាល័យជាតិមានជ័យ បេក្ខជន ៥៥០ នាក់ (ស្រី ៣៣៦ នាក់), វិទ្យាល័យសិរីសោភ័ណ បេក្ខជន ១.១៥០ នាក់ (ស្រី ៦៩២ នាក់)
, វិទ្យាល័យសម្តេចឪបេក្ខជន ៥០០ នាក់ (ស្រី ៥២៨ នាក់), សកលវិទ្យាល័យ UME បេក្ខជន ១.០២៥ នាក់ (ស្រី ៥៨៥ នាក់), វិទ្យាល័យ សកពន អូរអំបិល បេក្ខជន ១.១៥០ នាក់ (ស្រី ៦៤៨ នាក់)និងមណ្ឌលអនុវិទ្យាល័យទឹកថ្លា បេក្ខជន ៥០២ នាក់ (ស្រី ១៦៩ នាក់)។
សូមបញ្ជាក់ថាកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តបន្ទាយមានជ័យក្នុងការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឲ្យមានតម្លាភាព និងយុត្តិធម៌ ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សទាំងអស់អាចបញ្ចេញសមត្ថភាពរបស់ខ្លួនឲ្យបានពេញលេញក្នុងការប្រឡងដ៏សំខាន់នេះ៕
ដោយ ៖ ឈុនសារ៉ាត





