ប្រជាពលរដ្ឋ១៥០គ្រួសារក្នុងខេត្តកំពង់ធំបានទទួលអំណោយមនុស្សធម៌ របស់អង្គការ អេដ អេ អា ស្យុង(AEA)និងសាលាអាលីតអន្តរជាតិ
AKP កំពង់ធំថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥--
លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ អភិបាលរងស្រុកនិងក្រុមការងារថ្នាក់ឃុំកាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០២៥បាននាំយកអំណោយមនុស្សធម៌របស់អង្គការ អេដ អេ អា ស្យុង(AEA)និងសាលាអាលីតអន្តរជាតិចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកសន្ទុក ស្រុកបារាយណ៍និងស្រុកតាំងគោក ខេត្តកំពង់ធំ សរុបចំនួន១៥០គ្រួសារដែលជាគ្រួសារវីរកងទ័ពនៅសមរភូមិមុខប្រជាពលរដ្ឋភៀសសឹក ពលករធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃនិងចាស់ជរាផងដែរ។

លោកស្រី អ៉ឹម សុវីន អភិបាលរងស្រុកតាំងគោកបានកោតសរសើរនិងការដឹងគុណបងប្អូនគ្រួសារវីរកងទ័ពជួរមុខ ចំពោះវីរភាពយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលបានតស៊ូស្វិតស្វាញក្រាញននាល ដើម្បីការពារជាតិ ការពារបូរណភាពទឹកដីនិងការពារប្រជាជនយើង អំពីការរំលោភឈ្លានពានដ៏ឃោឃៅព្រៃផ្សៃរបស់ពួកទាហានសៀម មកលើទឹកដីកម្ពុជា។
ក្នុងឱកាសនោះលោក គៀង សេងគី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំស្វែងរកសន្តិភាព បញ្ឈប់ការបាញ់គ្នាជាបន្ទាន់ តាមរយៈការជួយអន្តរាគមន៍ពីប្រធានាធិបតីអាមេរិកនិងនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ដែលជាសហប្រធានប្ដូរវេនរបស់អាស៊ាន ព្រមទាំងថ្លៃងអំណរគុណចំពោះសេនានុព័ន្ធយោធាបណ្ដាប្រទេសនានា ដែលបានអញ្ជើញមកត្រួតពិនិត្យការឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃបានទាន់ពេលវេលា។

លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តដល់គ្រួសារភៀសសឹកនិងពលករដែលតែងតែធ្វើការនៅស្រុកក្រៅ សូមងាកមកធ្វើការនៅក្នុងមូលដ្ឋាននៃព្រះរាជាណាចក្រកម្ពុជារបស់យើងវិញ។យើងរួមគ្នាអភិវឌ្ឍប្រទេសជាតិ ដែលសព្វថ្ងៃយើងកំពុងត្រូវការកម្លាំងពលកម្មជាច្រើនហើយពលករ កម្មករនឹងទទួលបាននូវអត្ថប្រយោជន៍ច្រើនយ៉ាងជាមួយនឹងការធ្វើការងារនៅក្នុងស្រុក ជាជាងធ្វើការងារនៅប្រទេសថៃ ដែលវាតែងតែបង្កទុក្ខលំបាកវេទនាប្រមាថមើលងាយសព្វបែបយ៉ាងមកលើពលករយើង។

សូមបញ្ជាក់ថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកំពង់ធំបានសហការជាមួយសាខាសមាគមបានចែកស្បៀងជូនគ្រួសារភៀសសឹក គ្រួសារពលករ និងគ្រួសារកងទ័ពចំនួន៣ស្រុកគឺស្រុកសន្ទុក៥០គ្រួសារ ស្រុកបារាយណ៍៥០គ្រួសារនិងស្រុកតាំងគោក៥០គ្រួសារក្នុង០១គ្រួសារទទួលបានអង្ករត្រីខទឹកត្រីទឹកស៊ីអ៊ីវដែលជាអំណោយមនុស្សធម៌របស់អង្គការ អេដ អេ អា ស្យុង (AEA) និងសាលាអាលីតអន្តរជាតិ៕
ដោយ ៖ ស៊ុម វណ្ណា





