មន្ទីរកិច្ចការនារីខេត្តកំពង់ធំរៀបចំធ្វើវេទិកាអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ សុខភាពភ្នែក និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយឥតគិតថ្លៃ
AKP កំពង់ធំ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥-- លោកស្រី ស៊ូ ផារិន អនុប្រធានមន្ទីរកិច្ចការនារីកំពង់ធំ លោកស្រី អ៊ឹម សុខវីន អភិបាលរងស្រុកតំាងគោក អញ្ជើញជាអធិបតីក្នុងវេទិកាអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ សុខភាពភ្នែក និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ដោយឥតគិតថ្លៃដែលរៀបចំដោយមន្ទីរកិច្ចការនារីខេត្តកំពង់ធំ នៅក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែសីហា ឆ្នំា២០២៥។

លោកស្រី ស៊ូ ផារិន បានលើកឡើងថា មន្ទីរកិច្ចការនារីខេត្តកំពង់ធំបានសហការជាមួយនាយកដ្ឋានស្រ្តី និងសុខភាពនៃក្រសួងកិច្ចការនារី មន្ទីរសុខាភិបាលខេត្តអជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ មណ្ឌលសុខភាព ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការមូលនិធិហ្វ្រេដហូឡូ បានរៀបចំវេទិការអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ សុខភាពភ្នែក ការពិនិត្យនិងព្យាបាលភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងសហគមន៍ នៅក្នុងវត្តគហនគរភូមិត្រដក់ពង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំក្នុងគោលបំណង ផ្តល់ចំណេះដឹងស្តីពីយេនឌ័រនិងសុខភាពភ្នែកដល់ប្រជាពលរដ្ឋនៅសហគមន៍។

លោកស្រីបានបន្តថា វេទិកាថ្ងៃនេះល្អណាស់ដែលមានសកម្មភាពពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅសហគមន៍។ រាជរដ្ឋាភិបាលតែងតែខិតខំយកចិត្តទុកដាក់គិតគូរដល់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាការលំបាកផ្សេងៗ ក៏ដូចជាយល់ដឹងពីផ្នត់គំនិតយេនឌ័រ តួនាទីបុរស និងស្រ្តី នៅក្នុងសង្គមបច្ចុប្បន្នក៏មានស្រីមានតួនាទីនៅក្នុងជួររដ្ឋាភិបាល តាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ។

លោកស្រីបញ្ជាក់ថាចំពោះការពិនិត្យព្យាបាលភ្នែកមានសារៈសំខាន់ណាស់ដើម្បីឱ្យយើងដឹងពីបញ្ហាជំងឺបាយភ្នែក ជំងឺកន្ទុយថ្លែន និងជំងឺភែ្នកក្រហម ជំងឺទឹកដក់ក្នុងភ្នែក និងជំងឺរលាកផ្សេងទៀត ដែលបង្ករមកពីមេរោគ។ យើងបានពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលាដូចនេះយើងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពភ្នែក បើមានបញ្ហាត្រូវទៅជួបគ្រូពេទ្យដែលមានជំនាញថែទាំភ្នែក៕
ដោយ ស៊ុម វណ្ណា





