ឯកឧត្តម គួច ចំរើន ជួបសំណេះសំណាលជាមួយកុមារនៅអង្គការមជ្ឈមណ្ឌលអរុណរះ
AKP កណ្ដាល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ព្រមទាំងកងកម្លាំង មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកុមារនៅអង្គការមជ្ឈមណ្ឌលអរុណរះ (សាន់រ៉ាយ) ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

អង្គការអរុណរះកម្ពុជា (Sunrise Cambodia) មានទីតាំស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ គឺជាស្ថាប័នមិនរកប្រាក់ចំណេញដ៏ល្បីល្បាញមួយ កំពុងធ្វើការនៅលើទឹកដីប្រទេសកម្ពុជា ដើម្បីផ្តល់ជំនួយចាំបាច់ទៅដល់កុមារងាយរងគ្រោះ គ្រួសារកំពុងមានការលំបាក និងសហគមន៍ក្រីក្រ នៅក្នុងបណ្តាខេត្តនៃប្រទេសកម្ពុជា។ អង្គការអរុណរះកម្ពុជាផ្តល់ការថែទាំពេញលេញដល់កុមារកំព្រា កុមារដែលត្រូវបានជួញដូរ កុមារដែលត្រូវបានបោះបង់ចោល កុមារដែលមានពិការភាព កុមារផ្ទុកមេរោគអេដស៍ និងកុមារក្រីក្រ ហើយអង្គការក៏កំពុងតែបង្កើត និងអនុវត្តគម្រោងដែលមានលក្ខណៈវិនិច្ឆ័យគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើការអភិវឌ្ឍន៍កម្មវិធី អប់រំ ដែលមានគុណភាព និងឱកាស សម្រាប់កុមារងាយ រងគ្រោះទាំងនេះ។

បេសកកម្មរបស់អង្គការអរុណរះផ្តល់ក្តីស្រឡាញ់ ចិញ្ចឹមបីបាច់ និងផ្តល់សិទ្ធិអំណាចដល់កុមារដែលងាយរងគ្រោះ តាមរយៈការគាំទ្រ ពេញលេញ និងឱកាសសិក្សាឱ្យជីវិតប្រសើរឡើងទៅដល់សហគមន៍ដែលជួបការលំបាក។

ក្នុងឱកាសសួរសុខទុក្ខ និងសំណេះសំណាល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បាននាំយកនូវអំណោយឧបត្ថមដល់អង្គការ មានដូចជា៖ អង្ករចំនួន២០០០គីឡូក្រាម ទឹកស៊ីអីវ១០យូរ ទឹកត្រី១០យូរ មី១០០កេស នំ៥បេ ប៊ីចេង៥គីឡូក្រាម ស្ករស១០គីឡូក្រាម ទឹកម្ទេស៨យូរ អំបិល១៥គីឡូក្រាម ប្រេងខ្យង៣០ដប ខ្ទឹមស២០គីឡូក្រាម ត្រីផាត់១ថង់ កាពិផាវ៥០កំប៉ុង ទឹកសុទ្ធ២០០យូរ ទឹកក្រូច១០កេស ទឹកដោះគោក្មេង២០កេស ថវិកាសម្រាប់បុគ្គលិកក្នុងម្នាក់ៗ១០ម៉ឺនរៀល និងឧបត្ថម្ភអង្គការ១០លានរៀល៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





