អង្គការ CI ភូមិគោលដៅ ដើម្បីអនុវត្តសាកល្បងក្នុងការប្រើប្រាស់ និងចាត់ចែងថវិកាគម្រោងខ្នាតតូច
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥-- អង្គការអភិរក្សអន្តរជាតិកម្ពុជា (CI) បានធ្វើការជ្រើសរើសភូមិក្នុងចំណោមភូមិគោលដៅទាំង២២ ដើម្បីអនុវត្តសាកល្បងក្នុងការប្រើប្រាស់ និងចាត់ចែងថវិកាគម្រោងខ្នាតតូចនៃគម្រោងរេដបូកជួរភ្នំក្រវាញកណ្ដាល នៅក្នុងខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ ដែលមានអ្នកចូលរួមសរុបចំនួន ១២៣នាក់ ស្រី ៤៨នាក់ ជនជាតិដើមភាគតិច១៣នាក់។

មន្ត្រីអង្គការ CI បាន្យដឹងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ថា ការជ្រើសរើសភូមិសម្រាប់អនុវត្តសាកល្បងក្នុងការប្រើប្រាស់ និងចាត់ចែងថវិកាគម្រោងខ្នាតតូចនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពលើការសម្រេចចិត្ត និងកសាងផែនការសកម្មភាពដល់អ្នកសម្របសម្រួលរេដបូកភូមិ ក្នុងការប្រើប្រាស់ថវិកាសហគមន៍ដែលនឹងទទួលបានពីគម្រោងរេដបូកនាពេលអនាគត។ ការជ្រើសរើសភូមិសម្រាប់អនុវត្តសាកល្បងនេះ ត្រូវបានធ្វើឡើងក្នុងភូមិគោលដៅចំនួន២២ ដែលស្ថិតក្នុងឃុំចំនួន ៨ រួមមានឃុំសំរោង ស្រុកភ្នំក្រវាញ និងឃុំអូរសោម និងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ និងឃុំតាទៃលើ ឃុំថ្មដូនពៅ ឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។ ជាលទ្ធផលភូមិចំនួន៨ រួមមានភូមិអង្ក្រង ភូមិឆាយលូក ភូមិឧបសម្ព័ន្ធម៉ុងរី ភូមិកេះ ភូមិស្ពានក្ដារ ភូមិព្រែកស្វាយ ភូមិជំនាប់ ភូមិសំរោង ត្រូវបានជ្រើសរើសដើម្បីទទួលបានមូលនិធិតូចក្នុងដំណាក់កាលដំបូងនេះ។

មូលនិធិខ្នាតូចនេះជាផ្នែកមួយនៃថវិការបស់អង្គការ CI សម្រាប់ប្រើប្រាស់ក្នុងគម្រោងរេដបូកជួរភ្នំក្រវាញកណ្តាល និងមិនមែនជាចំណូលបានមកពីឥណទានកាបូននៃគម្រោងរេដបូកនោះឡើង។ ថវិកានេះនឹងត្រូវបានផ្តល់ទៅឱ្យសហគមន៍សម្រាប់ប្រើប្រាស់ ស្របតាមការស្នើរឡើងរបស់គ្រួសារនីមួយៗក្នុងភូមិ និងជាប្រយោជន៍រួម៕

ដោយ ណយ នឿន (ប្រភព៖ CI)





