កសិករស្រុកឈូកម្នាក់រកចំណូលប្រចាំថ្ងៃបាន២០ម៉ឺនរៀលពីការដាំបន្លែ ឈើហូបផ្លែលើផ្ទៃដីត្រឹមតែ២០អា
AKP កំពត ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥--
កសិករមានជំនាញនៅស្រុកឈូកម្នាក់ បានបង្ហើបឱ្យដឹងថា ការដាំបន្លែហូបផ្លែចម្រុះជាលក្ខណៈវិលជុំ ងាយស្រួលក្នុងការស្វែងរកទីផ្សារ និងមានប្រាក់ចំណូលប្រចាំថ្ងៃ។ ជាក់ស្តែងរូបលោកអាចរកប្រាក់ចំណូលប្រចាំថ្ងៃបានមិនក្រោម២០ម៉ឺនរៀលទេ ពីការប្រមូលផលបន្លែហូបផ្លែលើផ្ទៃដីត្រឹមតែ២០អាប៉ុណ្ណោះ។អតីតមេការសំណង់រូបនោះមានគំនិតចង់បង្កើតបណ្តុំដំណាំបន្លែមួយ ដើម្បីទាក់ទាញឈ្មួញផង និងជំរុញលើកទឹកចិត្តកសិករឱ្យចូលរួមដាំបន្លែផង។

អតីតមេការសំណង់ លោក ស្ងួន ទូច រស់នៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះថា លោកបានដាំបន្លែហូបផ្លែ៥ឆ្នាំហើយ ដំបូងដាំមិនសូវបានផលទេ តែក្រោយពេលទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ពីអង្គការ ក្រុមហ៊ុន និងមន្ត្រីកសិកម្ម ធ្វើឱ្យលោកមានជំនាញ ក្នុងការផលិតជីកំប៉ុស(ទាំងទឹក និងគោក) បច្ចេកទេសរៀបចំដី បច្ចេកទេសបណ្តុះកូនពូជ ដែលធ្វើឱ្យបន្លែហូបផ្លែរបស់លោកទទួលបានទិន្នផលខ្ពស់លើសគេ។ លោកបានបញ្ជាក់បន្ថែមថា ការដាំបន្លែហូបផ្លែចម្រុះជាលក្ខណៈវិលជុំ ងាយរកទីផ្សារលក់ណាស់ មានឈ្មួញមកទិញដល់កន្លែង ហើយប្រាក់ចំណូលចូលជារៀងរាល់ថ្ងៃ ជាក់ស្តែងក្នុងមួយថ្ងៃគ្រូសារលោកអាចរកចំណូលបាន ២០ម៉ឺនរៀល ពីការប្រមូលផលបន្លែហូបផ្លែ មានដំណាំប៉េងបោះ ត្រប់ និងម្លេស ដែលគាត់បានដាំនៅលើផ្ទៃដីត្រឹមតែ២០អាប៉ុណ្ណោះ។

កសិកររូបនោះបានបន្ថែមថា ការជ្រើសយករបរដាំបន្លែ មិនត្រឹមតែធ្វើឱ្យលោកអាចរស់នៅជួបជុំ និងជួយទុក្ខធុរៈគ្រួសារបានប៉ុណ្ណោះទេ ថែមទាំងអាចជួយយកអាសាដល់ញាតិមិត្តជិតខាងក្នុងភូមិ បានទៀតផង។
តាមការបញ្ជាក់បន្ថែមរបស់កសិកររូបនោះ ថាគាត់និងភរិយា បច្ចុប្បន្នបានពង្រីកការដាំ និងការចិញ្ចឹមបន្ថែម និងមានបំណងបង្កើតជាបណ្តុំ ឬសហគមន៍បន្លែ ដើម្បីជំរុញការទិញ និងការផលិត។ ហើយក្នុងនាមកសិករ លោកពិតជាពេញចិត្តចំពោះការធ្វើពហិការរបស់ពលរដ្ឋខ្មែរ មិនប្រើប្រាស់ផលិតផលថៃ ហើយងាកមកគាំទ្រផលិតផលក្នុងស្រុក។

មន្ត្រីបច្ចេកទេសកសិកម្មឃុំល្បើក លោក ទួន តូរ៉ូ បានប្រាប់ឱ្យដឹងថា កសិករក្នុងឃុំតិចនាក់ណាស់ ដែលបានចាប់យករបរដាំបន្លែលក់ ដោយសារកន្លងមកកសិករខ្វះបច្ចេកទេស ផែនកាដាំ និងទីផ្សារលក់ផលិតផល។ បន្ទាប់ពីមានការជំរុញលើកទឹកចិត្តពីរាជរដ្ឋាភិបាល តាមរយៈការផ្តល់មន្ត្រីកសិកម្មឃុំ និងការធ្វើពហិការរបស់ពលរដ្ឋកម្ពុជា មិនប្រើប្រាស់ទំនិញ និងផលិតផលថៃ ហើយងាកមកគាំទ្រផលិតផលក្នុងស្រុក លោកស្នើដល់បងប្អូនប្រជាកសិករសូមនាំគ្នាខិតខំដាំដុះ និងចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ដោយមិនពឹងលើទំនិញនាំចូលពីបរទេស៕
ដោយ ប្រាក់ លាង





