ឯកឧត្តម សរ គឹមសាន្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃដំណើរទស្សនកិច្ចសិក្សាក្រុមអ្នកជំនាញការចិន នៃគណៈកម្មាការធនធានទឹកឆាងជាំង
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាប រួមជាមួយតំណាងមកពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងតំណាងនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាបូកសរុបលទ្ធផលនៃដំណើរទស្សនកិច្ចសិក្សាប្រមូលព័ត៌មានក្រោមគម្រោង "Lancang-Mekong Smart Eyes Action-Joint Research on the Technology and Standards Intelligent Hydrological Monitoring in the Mekong River" ជាមួយក្រុមអ្នកជំនាញការចិន នៃគណៈកម្មាការធនធានទឹកឆាងជាំង (Changjiang Water Resources Commission) ដឹកនាំដោយ Mr. Hu Bo ប្រធានផ្នែក Division Chief of Changjiang Water Resources Commission នៅលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប។

ក្នុងកិច្ចប្រជុំពិភាក្សាបូកសរុបការងារក្នុងដំណើរទស្សនកិច្ចសិក្សានេះ ផ្តោតលើ៣ចំណុច ដូចជា ទី១. ឯកភាពលើការស្នើសុំពីភាគីចិន ក្នុងការសម្របសម្រួលពិនិត្យមើលលទ្ធភាពទីតាំងជាក់លាក់ ដើម្បីដំឡើងស្ថានីយត្រួតពិនិត្យកករដីល្បាប់ស្វ័យប្រវត្តិលើដងទន្លេសាប នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ទី២. អំពីសកម្មភាពនៃគម្រោងស្នើសុំរួមគ្នាចំនួនពីរ ដែលភាគីទាំងពីរបានរៀបចំដាក់ពាក្យស្នើសុំថវិកាគាំទ្រពីមូលនិធិ ពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់ឆ្នាំ ២០២៦ មាន ការសាងសង់បណ្តាញស្ថានីជលសាស្រ្ត និងឧតុនិយម នៅអាងទន្លេសាប និង ការរៀបចំ "មជ្ឈមណ្ឌលជាតិធនធានទឹកកម្ពុជា" និងទី៣. ភាគីចិននឹងរៀបចំឯកសារទស្សនទានបន្ថែមអំពីដំណើរការនៃកិច្ចសហការបន្ត និងគម្រោងស្នើសុំថ្មីរួមគ្នាបន្តទៀត ជាមួយអាជ្ញាធរទន្លេសាប ដោយមានការចូលរួមសហការបន្ថែមផងដែរពី គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង ពីនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម នៃប្រទេសកម្ពុជា៕


ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





