កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងស្តីពីលក្ខន្តិកៈជាតិនិស្សិតសហគ្រិន Etudiant-Entrepreneur និងផែនការអនុវត្តលក្ខន្តិកៈជាតិនិស្សិតសហគ្រិន និងផែនការប្រតិបត្តិនៃប៉ូលសហគ្រិនភាព
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងស្តីពីលក្ខន្តិកៈជាតិនិស្សិតសហគ្រិន Etudiant-Entrepreneur និងផែនការអនុវត្តលក្ខន្តិកៈជាតិនិស្សិតសហគ្រិន និងផែនការប្រតិបត្តិនៃប៉ូលសហគ្រិនភាព ដោយមានការចូលរួមពីសាកលវិទ្យាធិការ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យរដ្ឋ និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធ ដោយឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំលក្ខន្តិកៈជាតិនិស្សិតសហគ្រិន Etudiant-Entrepreneur និងផែនការអនុវត្តលក្ខន្តិកៈជាតិនិស្សិតសហគ្រិន និងផែនការប្រតិបត្តិនៃប៉ូលសហគ្រិនភាពនេះឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់សហគ្រិនភាពក្នុងចំណោមសិស្សនិស្សិត តាមរយៈការរៀបចំការបណ្តុះបណ្តាលកម្មវិធីពង្រឹងសមត្ថភាព ការប្រកួតផែនការអាជីវកម្ម កម្មវិធីណែនាំ កម្មវិធីបណ្តុះបណ្តាល កម្មវិធីពន្លឿន និងការជួយសម្របសម្រួលការរកការងារធ្វើជូនសិស្សនិស្សិតជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានថ្លែងថា លក្ខន្តិកៈជាតិនិស្សិតសហគ្រិន គឺប្រើប្រាស់សម្រាប់លើកទឹកចិត្ត សម្រួលភាពជាសហគ្រិនរបស់និស្សិត និងយុវជនដែលទើបទទួលបានសញ្ញាបត្រ។ លក្ខខន្តិកៈនេះផ្តល់ជាក្របខណ្ឌផ្លូវច្បាប់ និងជាឧបករណ៍សម្រាប់ជួយដល់ការអភិវឌ្ឍគម្រោងសហគ្រិនភាពដោយផ្អែកលើការសិក្សារៀនសូត្ររបស់និស្សិតតាមរយៈការផ្តល់ជាសេវាផ្សេងៗ និងធន ធានចាំបាច់នានា។ លក្ខន្តិកៈនេះធ្វើឱ្យមានការផ្តល់តម្លៃ និងគាំទ្រគំនិតផ្តួចផ្តើមសហគ្រិនភាពរបស់យុវជនដោយលើកទឹកចិត្តពួកគេក្នុងការប្រែក្លាយគំនិតរបស់ខ្លួនទៅជាគម្រោងជាក់លាក់ ព្រមទាំងផ្តល់ឱកាសដល់យុវជនចូលទៅកាន់បណ្តាញវិជ្ជាជីវៈ ការទទួលបានការជួយពីគ្រូបង្គោល គ្រូជំនាញ ក៏ដូចជាថ្នាលការងារ និងការបណ្តុះបណ្តាលដែលមានភាពឆ្លើយតប។

ក្នុងកិច្ចប្រជុំនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនដើម្បីអនុវត្តបន្ត ដូចជា ១. សូមរៀបចំក្រុមការងារមួយដែលមានសមាសភាពចូលរួមពីសាកលវិទ្យាល័យនានា ដែលធ្លាប់ធ្វើការងារពាក់ព័ន្ធនឹងគម្រោងសហគ្រិនភាព ២. សូមដាក់បញ្ចូលគ្នារវាងគំរូនៃការអនុវត្តរបស់ដៃគូអភិវឌ្ឍ AUF និងឧត្តមានុវត្តន៍ប្រទេសអភិវឌ្ឍន៍នានា ជាមួយនឹងបទពិសោធនៃការអនុវត្តគម្រោងសហគ្រិនភាពកន្លងមកនៅកម្ពុជារបស់សាកលវិទ្យាល័យនានា និង៣. សូមធានាឱ្យបាននូវភាពជាម្ចាស់លើការងារនេះ និងបានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យរដ្ឋទាំងអស់ចូលរួម ដោយត្រូវរៀបចំផែនការសកម្មភាពរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ទៅតាមជំនាញ ដើម្បីរួមចំណែករៀបចំចងក្រងជាឯកសារទស្សនទានដែលមានភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតនឹងបរិបទរបស់កម្ពុជា៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





