បណ្ឌិតសភាចារ្យ សុខ ទូច ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានជួបពិភាក្សាជាមួយឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំព្រះរាជាណាចក្រថៃ និងជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាលទ្ធភាពរួមកិច្ចសហប្រតិបត្តិការរួមគ្នានាពេលអនាគត។

ក្នុងជំនួបនាព្រឹកនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញការរៀបចំសិក្ខាសាលារួមគ្នា សិក្សាលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយនឹងសាកលវិទ្យាល័យនានារបស់បង់ក្លាដែស។
ជាមួយគ្នានេះ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់អំពីការសិក្សាលទ្ធភាពអញ្ជើញអ្នកសិក្សាស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ទៅបំពេញទស្សនកិច្ច និងសិក្សាស្វែងយល់អំពីប្រទេសបង់ក្លាដែស នៅក្នុងពេលវេលាសមស្របណាមួយផងដែរ៕


ដោយ ណយ នឿន (ប្រភព៖ រាជបណ្ឌិត្យសភាកម្ពុជា)





