ឯកឧត្តម ហង់ជួន ណារ៉ុន អញ្ជើញចុះសួរសុខទុក្ខគ្រួសារវីរយុទ្ធជនជួរមុខ នៅឃុំរាយប៉ាយ ស្រុកកងមាស
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញអមដំណើរឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយសសាខា បានអញ្ជើញចុះសួរសុខទុក្ខអ្នកស្រី អេន ស៊ីណា អាយុ៣៨ឆ្នាំ ជាភរិយាវីរយុទ្ធជនជួរមុខ រស់នៅភូមិរាយប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥។


ឯកឧត្តម ហង់ជួន ណារ៉ុន បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុតពីឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធានតែងតែបានណែនាំឱ្យសាខា អនុសាខា និងបណ្តាញការងារគ្រប់ថ្នាក់របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឱ្យទាន់ពេលវេលា ក្នុងនោះត្រូវគិតគូរ ផ្តោតទៅលើពលរដ្ឋភៀសសឹក និងផ្តល់ឱកាសការងារដល់ពលករដែលត្រឡប់មកពីប្រទេសថៃជាសំខាន់។


សូមបញ្ជាក់ថា អ្នកស្រី អេន ស៊ីណា ជាភរិយាយោធិនជួរមុខនៅមុំ៣ ទិសព្រះវិហារ អ្នកស្រី មានកូនស្រីប្រុស ២ នាក់ ក្នុងបន្ទុក និងមានផ្ទៃពោះ ៤ខែ ថែមទៀត។ ដោយមើលឃើញពីស្ថានភាពលំបាករបស់គ្រួសារវីរយុទ្ធជនជួរមុខ ផុន សុធា នៅឯមូលដ្ឋានក្រោយ ដែលសព្វថ្ងៃកំពុងខ្វះមធ្យោបាយធ្វើដំណើរ ជម្រកស្នាក់នៅ មានតែកូនផ្ទះតូចមួយ បិទបាំងដោយសង្កសីចាស់ទ្រុឌទ្រោម រួមទាំងជីវភាព ក៏មានការខ្វះខាតផងនោះ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម ហង់ជួន ណារ៉ុន ក៏បានពិនិត្យ និងសម្រេចសាងសង់ផ្ទះថ្មផ្ទាល់ដី១ខ្នង ទំហំ ៥ម×៨ម និងបង្គន់អនាម័យ១បន្ទប់ ជូនប្រពន្ធ និងកូនរបស់វីរយុទ្ធជនជួរមុខ ផុន សុធា បានប្រើប្រាស់ និងស្នាក់នៅតទៅ៕

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ក៏បានប្រគល់ជូនម៉ូតូថ្មី១គ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើររបស់គ្រួសារវីរកងទ័ពយើង និងផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូន អ្នកស្រី អេន ស៊ីណា រួមមាន អង្ករ ៥០គក្រ ព្រមទាំងគ្រឿងឧបភោគ បរិភោគ ២សម្រាប់ និង ថវិកាចំនួន ១,០០០,០០០រៀល ផងដែរ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





