សត្វពង្រូលរងរបួសដាច់ជើងបានសម្រាលកូនដែលមានសុខភាពល្អមួយក្បាលនៅស្ថានីយ WRS ខេត្តកោះកុង
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥-- នៅស្ថានីយដោះលែងសត្វព្រៃ (WRS) ខេត្តកោះកុង សត្វពង្រូលពិសេសមួយក្បាលបានបង្កើតភាពភ្ញាក់ផ្អើលទៅកាន់អ្នកមើលថែ ដោយបានសំរាលកូនដែលមានសុខភាពល្អមួយក្បាល ទោះបីខ្លួនធ្លាប់រងរបួសដាច់ជើងមុខមួយចំហៀងកាលពីមុនក៏ដោយ។
ប្រភពពីអង្គការ Wildlife បានឱ្យដឹងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ថា មេពង្រូលកំពុងរមូលខ្លួនព័ទ្ធជុំវិញកូន ដើម្បីផ្ដល់ភាពកក់ក្តៅ និងការពារកូន។ ទ្រុងនៅក្នុងព្រៃមានម្លប់ត្រជាក់ មានគល់ឈើ និងសំបុកកណ្តៀរ ជួយផ្ដល់បរិយាកាសសុវត្ថិភាពដល់ទាំងមេនិងកូន។ អ្នកថែទាំកំពុងឃ្លាំមើលពីចម្ងាយ ដោយផ្ដល់អាហារបន្ថែម សម្រាប់គាំទ្រកម្លាំងម្ដាយ និងការលូតលាស់របស់កូន។
បច្ចុប្បន្ន យើងមិនទាន់ថតរូបកូនពង្រូលបាន ហើយមិនទាន់ដឹងភេទនៅឡើយទេ ដោយសារយើងចង់រក្សាការស្ងៀមស្ងាត់សម្រាប់ពួកគេ៕

ដោយ ណយ នឿន (ប្រភព៖ Wildlife)





