អគ្គនាយកស៊ីម៉ាក់៖ តំបន់ដែលមានមីន តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលមានផ្ទៃដីជាង ៧០០គីឡូម៉ែត្រ មិនទាន់បានបោសសម្អាតនៅឡើយទេ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥--
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះ តំបន់ដែលមានមីនតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលមានផ្ទៃដីប្រមាណជាង ៧០០គីឡូម៉ែត្រ មិនទាន់បានបោសសម្អាតនៅឡើយទេ ហើយក្នុងនោះក៏មានក្នុងតំបន់ដែលកំពុងមានជម្លោះផងដែរ។ ការថ្លែងរបស់ឯកឧត្ដមបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន «កម្ពុជាស្រឡាញ់សន្តិភាព» ដែលរៀបចំឡើងដោយអាជ្ញាធរមីន នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម ហេង រតនា បានលើកឡើងថា គ្រាប់មីននៅក្នុងប្រទេសកម្ពុជាដែលមានច្រើនជាងគេ គឺនៅតាមព្រំដែនកម្ពុជា-ថៃ គឺក្បែរៗខ្សែបន្ទាត់ និងនៅលើបន្ទាត់ព្រំដែនរវាងព្រំដែនកម្ពុជា-ថៃនេះតែម្ដង។ ឯកឧត្តមបានអះអាងថា កម្ពុជា បានចាត់ទុកតំបន់ទាំងនេះ គឺនៅតែជាតំបន់ចម្ការមីននៅឡើយ ខណៈដែលតំបន់នេះ មិនមែនជាតំបន់អាទិភាពសម្រាប់អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច បើទោះបីជាថៃ ប្រកាសតំបន់របស់ខ្លួនបានបោសសម្អាតមីនរួចហើយក្ដី។

ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ក៏បានបញ្ជាក់បន្ថែមថា កម្ពុជាបានផ្តោតការយកចិត្តទុកដាក់លើសកម្មភាពបោសសម្អាតមីន ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនេះ ស៊ីម៉ាក់ រំដោះបានផ្ទៃដីជាច្រើន និងបានហ្វឹកហ្វឺនបច្ចេកទេសដោះមីន ដល់បណ្តាប្រទេសជាច្រើន និងបានបញ្ជូនអ្នកដោះមីនកម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាជាតិជួយដល់ប្រទេសដែលត្រូវការសន្តិភាព.
ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ថៃមកលើកម្ពុជាថា ប្រើប្រាស់គ្រាប់មីន PMN-2 ថ្មី ក្នុងទឹកដីថៃ និងសំណល់យុទ្ធភណ្ឌថៃដែលបានប្រើប្រាស់មកលើកម្ពុជានោះ ឯកឧត្ដម ហេង រតនា បានបញ្ជាក់ឱ្យដឹងថា ការចោទប្រកាន់នេះគ្រាន់តែជាលេស និងឈ្នាន់បង្កការឈ្លានពាន និងធ្វើសង្គ្រាមជាមួយកម្ពុជាប៉ុណ្ណោះ ។ ដោយឡែកចំពោះផលប៉ះពាលទាំងចំពោះមុខ និងយូរអង្វែងនៃយុទ្ធភណ្ឌសង្គ្រាមដែលថៃបានប្រើប្រាស់ឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជារួមមាន៖ ១. គ្រាប់បែកទម្លាក់ពីយន្តហោះធន់ធ្ងន់ដូចជា MK-82 និងMK-84 តាមរយ:យន្តហោះ F-16 និង Gripen។ ២. គ្រាប់បែកចង្កោមបាញ់ពីគ្រាប់ផ្លោង១៥៥មីលីម៉ែត្រ ប្រភេទ M46 និង M84។ ៣. គ្រាប់ផ្សែងពុល និងចំហេះ បាញ់តាមយន្តហោះ ដ្រូន និងគ្រាប់កាំភ្លើងផ្លោង១៥៥មីលីម៉ែត្រ គ្រាប់ផ្លោងមួយចំនួន មានប្រភេទ White sposphorus (WP) និង ៤. គ្រាប់មិនទាន់ផ្ទុះទូទៅ។ ចំណែក ផលប៉ះពាល់ទាំងប៉ះពាល់ទៅលើទីតាំង ភូមិឋានប្រជាជន តំបន់ព្រំដែន និងប្រាសាទទាំងឡាយដូចជាប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទព្រះវិហារ៕
ដោយ៖ រិទ្ធី រូបថត៖ យឹម សុវឌ្ឍនា





