គោលដៅរួមនៃការបញ្ចប់ការត្រួតត្រារបស់បរទេស ការស្ដារអធិបតេយ្យភាពជាតិ និងការកសាងរដ្ឋឯករាជ្យ បានក្លាយជាបេសកកម្មរួមគ្នារបស់ប្រជាជនកម្ពុជា និង វៀតណាម
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥--ទាំងប្រទេសកម្ពុជា និងវៀតណាម បានស៊ូទ្រាំនឹងការគ្រប់គ្រងរបស់អាណានិគមជាច្រើនទសវត្ស ។ ដូច្នេះ ការតស៊ូប្រឆាំងនឹងអាណានិគមនិយមមិនមែនគ្រាន់តែ ជាយុទ្ធនាការនយោបាយទេ វាជាការប្រយុទ្ធដើម្បីការរស់រានមានជីវិតនៃអត្តសញ្ញាណ ការអភិរក្ស ទំនៀមទម្លាប់ និងសិទ្ធិក្នុងការសម្រេចចិត្តរបស់យើងផ្ទាល់នាពេលអនាគត។ នេះជាការលើកឡើង របស់ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងសិក្ខាសាលាស្តីពី «ដំណើរការ៨០ឆ្នាំ នៃការអភិវឌ្ឍរបស់ប្រទេសវៀតណាម និងទំនាក់ទំនង កម្ពុជា-វៀតណាម» នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។
ក្នុងសិក្ខាសាលា នៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកនេះ ឯកឧត្តម ង្វៀន មិញវូ បានថ្លែងថា បដិវត្តខែសីហារបស់វៀតណាមក្នុងឆ្នាំ១៩៤៥ បានបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តរបស់ប្រជាជន និងការឯកភាពគ្នាក្រោកឡើងប្រឆាំងនឹងការគ្រប់គ្រងរបស់ចក្រពត្តិ។ សារនេះបានបន្លឺសំឡេងយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជាឱ្យឃើញពីការតស៊ូរបស់វៀតណាម មកធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងនៃសេចក្តីប្រាថ្នារបស់ខ្លួន។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ង្វៀន មិញវូ បានថ្លែងថា គោលដៅរួមនៃការបញ្ចប់ការត្រួតត្រារបស់បរទេស ការស្ដារអធិបតេយ្យភាពជាតិ និងការកសាងរដ្ឋឯករាជ្យបានក្លាយជាបេសកកម្មរួមគ្នារបស់ប្រជាជនយើងទាំងពីរ។ ប៉ុន្មានឆ្នាំក្រោយមក អ្នកស្នេហាជាតិខ្មែរ និងវៀតណាម តែងតែផ្លាស់ប្តូរគំនិតគ្នា រួមសាមគ្គីគ្នា ប្រឆាំងអាណានិគម បានក្លាយជាបេសកកម្មរួមរវាងកម្ពុជានិងវៀតណាម។
លោក ខៀវ កូឡា ផលិតករជាន់ខ្ពស់នៃទូរទស្សន៍ CNC ជាអ្នកធ្លាប់បានទទួលការសិក្សាបំពាក់បំប៉នភាសាវៀតណាម បច្ចេកទេសអគ្គិសនី វគ្គទ្រឹស្ដីនយោបាយនៃសាលានយោបាយ ង្វៀន អាយគួក៧ បានធ្វើបទអន្តរាគមន៍ក្នុងសិក្ខាសាលាននោះថា ៨០ឆ្នាំកន្លងមកនៃដំណើរជីវិតនយោបាយការពារនិងកសាងជាតិរបស់ប្រជាជនវៀតណាមបានឆ្លងកាត់នូវមហាទុក្ខសោកលំបាកវេទនាដោយត្រូវគេបង្ខំចិត្តកាន់អាវុធធ្វើសង្គ្រាមប្រឆាំងអាណានិគមនិយមបារាំង ចក្រពត្តិអាម៉េរិក និងបរិវារ ក្នុងស្មារតីមហាសាមគ្គីជាតិ និងស្មារតីប្រយុទ្ធឥតចុះញ៉មនិងខ្មាំងសត្រូវពីសំណាក់វរកងទ័ពអ៊ុហូ ដ៏អង់អាចក្លាហានមោះមុតប្រយុទ្ធឥតរាថយផ្តើមចេញពីស្មារតីស្នេហាជាតិដ៏ឧត្តមចេញពីក្នុងក្រឳបេះដូងនូវពាក្យពេចន៍ដ៏ថ្លៃថ្លា “ពុំមានអ្វីប្រសើរថ្លៃថ្លាជាងឯករាជ្យ និងសេរីភាពឡើយ" ទើបបានជាប្រជាជាតិវៀតណាមសម្រេចបាន ជ័យជម្នះរំដោះវៀតណាមភាគខាងត្បូង ឯកភាពទឹក ដី ទាំងស្រុង ជាប្រវត្តិសាស្ត្រនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ដ៏មហាត្រចះត្រចង់ ។

ពីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនាឆ្នាំ ១៩៤៥មកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅឆ្នាំ១៩៧៦ វៀតណាមបានដំណើរការ ការពារនិងកសាងជាតិបានរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយជាពិសេសបំផុតគឺចាប់តាំងពីឆ្នាំ១៩៨៦-១៩៨៧ ក្រោមគោលនយោបាយដឹកនាំរបស់ សមូហភាពការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ក្រោមនយោបាយ ដូយម៉ើយ ឬ ផ្លាស់ប្តូរថ្មី តាមរយៈអត្ថបទរបស់លោក ជាច្រើនក្រោមនាមប៉ាក្កា NVL ឬ កិច្ចការដែលត្រូវធ្វើភ្លាម នៅលើទំព័រកាសែតប្រជាជន របស់បក្សកុម្មុយនីស្តវៀតណាម។
បច្ចុប្បន្ននេះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជារដ្ឋទំនើបភាវូបនីយកម្មតាមបែប ឧស្សាហកម្ម៤.០ និងស្ថិតក្រោមការដឹកនាំប្រតិបត្តិកិច្ចការ តាមស្មារតីនៃសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី XIII ឆ្ពោះទៅកាន់មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី XIV ដែលនឹងត្រូវប្រព្រឹត្តិទៅនៅពាក់កណ្តាលឆ្នាំក្រោយ ឆ្នាំ២០២៦ មានការរីកច្រើនលូតលាស់គ្រប់វិស័យ តាមស្មារតីនិងទិសដៅមិនហួសឃ្លាតឆ្ងាយពីបុព្វហេតុដើមរបស់រដ្ឋបុរស ហូ ជីមិញ គឺឆ្ពោះទៅកាន់គោលដៅសង្គមនិយម "ប្រជាជនហូបឆ្អែតគ្រប់គ្រាន់ មានសម្លៀកបំពាក់ស្អាតបាតសមរម្យ និងប្រកបដោយសុភមង្គល ក្រោយពេលបញ្ចប់សង្គ្រាមយើងរួមគ្នាកសាងប្រទេសយើងឱ្យបានរុងរឿងធំធេងស្តុកស្តុម”។

លោក អ៊ុច លាង ប្រធានស្ដីទី នាយកដ្ឋានសិក្សាអាស៊ី អាហ្រ្វិក និងមជ្ឈឹមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា(IRIC) និងជាប្រធានសមាគមអតីតនិស្សិតមកពីប្រទេសវៀតណាម(CAVA) បានគូសបញ្ជាក់ថា គិតមកទល់សព្វថ្ងៃនេះ វៀតណាមភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេស និងដែនដីចំនួន១៩៤ ក្នុងនោះមានប្រទេសដែលមានទំនាក់ទំនងពិសេសចំនួន៣ គឺ កម្ពុជា ឡាវ និងគុយបា មានប្រទេសដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចំនួន ដៃគូយុទ្ធសាស្ត្រ និងដៃគូគ្រប់ជ្រុងជ្រោយសរុបចំនួន៣៧ រួមទាំងមហាអំណាចធំៗទាំងអស់ និងសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ វៀតណាមក៏ជាសមាជិកសកម្មនៃអង្គការអន្តរជាតិ និងតំបន់ជាង៧០។
បក្សកុម្មុយនីស្តវៀតណាម បានភ្ជាប់ទំនាក់ទំនងជាមួយគណបក្សនយោបាយចំនួន២៥៩ នៅទូទាំង១១៩ ប្រទេស។ វៀតណាមបាននិងកំពុងបំពេញតួនាទីយ៉ាងល្អក្នុងនាមជាមិត្ត និងដៃគូ គួរឱ្យទុកចិត្តក្នុងសហគមន៍អន្តរជាតិ។ មានគំនិតផ្តួចផ្តើម និងសំណើជាច្រើន ដែលប្រទេសវៀតណាមបានចូលរួមយ៉ាងសកម្ម ជាពិសេសក្នុងការចូលរួមក្នុងសកម្មភាពរបស់អាស៊ាន អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ជាច្រើនទៀត៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ សីរី ឧត្តម





