ខេត្តកំពតនៅតែប្រមូលផលនេសាទបានច្រើនដដែលបើទោះជាធម្មជាតិមិនសូវអំណោយផលក៏ដោយ
AKP កំពត ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥-- មន្ត្រីជលផលបានបញ្ជាក់ថា ការងារគ្រប់គ្រងជលផលនៅខេត្តកំពតមានភាពល្អប្រសើរ បន្ទាប់ពីមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្រោមការណែនាំចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ធ្វើឱ្យផលនេសាទរក្សាបាននូវកំណើន និងនិរន្តរភាព បើទោះជាមិនសូវអំអោយផលពីធម្មជាតិក៏ដោយ។ ជាក់ស្តែងក្នុងឆ្នាំ២០២៥នេះ ខេត្តកំពតប្រមូលផលនេសាទបានជាង១ម៉ឺនតោន គឺកើនឡើងប្រមាណ៥% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ថា សម្រាប់ទីតាំងភូមិសាស្ត្រខេត្តកំពតពិតជាមានអំណោយផលលើការងារជលផល គឺមានទាំងនេសាទសមុទ្រ និងនេសាទទឹកសាប ដែលធ្វើនៅតាមវាលស្រែ វាលទំនាប បឹង ត្រពាំង អូរ ប្រឡាយ និងអាងទឹកសាធារណៈជាដើម។ បច្ចុប្បន្នការនេសាទមានលក្ខណៈជាសិប្បកម្មផង ជាលក្ខណៈគ្រួសារសម្រាប់ហូបផង និងលក់ដូរយកកម្រៃផងដែរ។ លោកបានបញ្ជាក់ទៀតថាការគ្រប់គ្រង់ការងារជលផលមានភាពល្អប្រសើរជាងមុន។

លោកនាយខណ្ឌជលផលបានបន្តថា ដោយមានមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្រោមការណែនាំចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ធ្វើឱ្យផលនេសាទរក្សាបាននូវកំណើន និងនិរន្តរភាព។ ជាក់ស្តែងនៅចន្លោះពាក់កណ្តាលខែសីហាឆ្នាំ២០២៥នេះ ខេត្តកំពតប្រមូលផលនេសាទបាន១០២០៥តោន ក្នុងនោះផលនេសាទទឹកសាបចំនួន១៩៤៦ តោន និងផលនេសាទសមុទ្រចំនួន ៨២៥៩តោន។

លោកបានបញ្ជាក់បន្ថែមផងដែរថា ដើម្បីរក្សាកំណើនផលនេសាទ នៅឆ្នាំបន្តបន្ទាប់ទៀត អាជ្ញាធរខេត្តកំពត រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ អង្គការដៃគូ បានធ្វើកិច្ចការងារជាច្រើន ជំរុញនិងលើកកម្ពស់ដល់សហគមន៍ ពិសេសប្រជានេសាទ តាមរយៈការងារអភិរក្ស ការអភិវឌ្ឍវារីវប្បកម្ម និងការបង្កើតការងារដើម្បីជួយលើកកម្ពស់ជីវភាពក្នុងគ្រួសារឱ្យកាន់តែប្រសើរ៕
ដោយ ប្រាក់ លាង





