លោក លឹម វណ្ណច័ន្ទ៖ ដើមឈើអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកាយរកឃើញនៅស្រុកសេសាន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥-- ដើមឈើថ្មមួយដើម ដែលមានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកាយរកឃើញនៅភូមិកាតូត ឃុំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមលោក លឹម វណ្ណច័ន្ទ មន្ត្រីជំនាញ និងជាប្រធានការិយល័យបេតិកភណ្ឌវប្បធម៌នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។

តាមរយៈកិច្ចសហការចូលរួមពីរដ្ឋបាលស្រុកសេសាន មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអ្នកជំនាញក្រសួងបរិស្ថាន បានធ្វើកំណាយស្រាវជ្រាវដើមឈើថ្មនេះ ដែលជាលទ្ធផលបឋម កំណាយបានប្រវែង១៧.៥ម៉ែត្រ។ អ្នកជំនាញគូសបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ដើមឈើថ្ម អាចមានប្រវែងប្រហែល៣០ម៉ែត្រ ឬវែងជាងនេះ ដោយកំណាយមិនទាន់រួច។ ដើមឈើនេះ កប់ក្នុងស្រទាប់ដីឥដ្ឋ និងថ្មបាយក្រៀម។


ទាក់ទងនឹងកិច្ចការងារកំណាយដែរនេះបានឱ្យដឹងថា នៅមិនទាន់ចប់នៅឡើយទេ ដែលនឹងបន្តធ្វើនៅឆ្នាំក្រោយទៀតហើយ ទីតាំងដើមឈើថ្មនេះនឹងរៀបចំឱ្យទៅជាកន្លែងទេសចរណ៍របស់សហគមន៍ជនជាតិដើមព្រៅផងដែរនៅថ្ងៃខាងមុខ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងបរិស្ថាន)





