កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យចាត់ចែងដឹកជញ្ជូនពលករខ្មែរ១៦១នាក់ ត្រឡប់ពីថៃដល់ស្រុកកំណើតប្រកបដោយសុវត្ថិភាព
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥-- យោងតាមបទបញ្ជាពីថ្នាក់ដឹកនាំ កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបន្តចុះជួយសម្របសម្រួល និងដឹកជញ្ជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ កិច្ចការនេះត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលសម្រាប់បងប្អូនពលករ។

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរងផែនការងារកិច្ចការប៉ុស្តិ៍ បានដឹកនាំកងកម្លាំងនគរបាលចំនួន១៥នាក់ ប្រើប្រាស់រថយន្ត១២គ្រឿង ដើម្បីជួយដឹកជញ្ជូនពលករចំនួន១៦១នាក់ (ស្រី៧៨នាក់) ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទៅកាន់បណ្ដាខេត្តគោលដៅ។

ប្រតិបត្តិការនេះបានធ្វើឡើងពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង៤៖០០ល្ងាច ដោយពលករទាំងនោះត្រូវបានដឹកជញ្ជូនទៅកាន់ខេត្តចំនួន៥ រួមមានខេត្តបន្ទាយមានជ័យ ១២៩នាក់ (ស្រី៥៧នាក់) ខេត្តព្រៃវែង២៦នាក់ (ស្រី១៨នាក់) ខេត្តកំពត៥នាក់ (ស្រី២នាក់) ខេត្តកំពង់ចាម១នាក់ (ប្រុស) និងរាជធានីភ្នំពេញ ១នាក់ (ស្រី)។

លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល បានបញ្ជាក់ថា ការជួយសម្រួលការធ្វើដំណើរដល់ពលករទាំងនេះ គឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវរបស់អាជ្ញាធរ ដើម្បីធានាថាពួកគាត់អាចធ្វើដំណើរទៅដល់លំនៅឋានប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។

ក្នុងចំណោមពលករដែលបានទទួលជំនួយនេះ លោក សែម ណារ៉េត អាយុ ៣៥ ឆ្នាំ ដែលធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ។ លោកបានថ្លែងថា ការដឹកជញ្ជូនដោយមិនគិតថ្លៃនេះ បានផ្តល់ភាពកក់ក្តៅ និងសម្រួលដល់ការលំបាករបស់ពួកគាត់យ៉ាងខ្លាំង បន្ទាប់ពីការធ្វើដំណើរដ៏យូរ៕

ដោយ ឈុន សារ៉ាត





