អភិបាលស្រុកតាំងគោក និងព្រះចៅអធិការវត្តគុហនគរ រៀបចំដាក់បង្គោលភ្លើង និងបំពាក់អំពូលសូឡាបំភ្លឺផ្លូវជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្នុងឃុំពង្រ
AKP កំពង់ធំ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥-- ដើម្បីសម្រួលដល់ការធ្វើដំណើរតាមដងផ្លូវនៅពេលយប់ឱ្យកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះចៅអធិការវត្តគុហនគរ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បានរៀបចំដាក់បង្គោលភ្លើង និងបំពាក់អំពូលសូឡាចំនួន២៦ដើម នៅតាមផ្លូវបេតុងដែលទើបសាងសងរួចប្រវែង៥៧៥ម៉ែត្រ ស្ថិតនៅភូមិអមទង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោក ហាក់ ម៉ុងហួត បានលើកឡើងថា បង្គោលភ្លើង និងអំពូលសូឡាទាំងនេះជាអំណោយរបស់សប្បុរសជនជិតឆ្ងាយ ដែលចូលរួមជាមួយព្រះចៅអធិការវត្តគុហនគរ ដើម្បីសម្រួលការធ្វើដំណើរតាមដងផ្លូវនៅពេលយប់ឱ្យកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ កាត់បន្ថយភាពស្ងប់ស្ងាត់ ភាពងងឹតនៅតាមដងផ្លូវ ក៏ជាចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ មិនតែប៉ុណ្ណោះសមត្ថកិច្ច ប្រជាការពារ និងប្រជាពលរដ្ឋនៅតាមសងខាងផ្លូវបេតុងនេះ ក៏បានរួមគ្នារៀបចំដាក់លូបង្ហូរទឹកភ្លៀង និងគម្របលូនៅតាមបណ្ដោយផ្លូវ ព្រមទាំងចាក់សាបនៅតាមចំណីផ្លូវសម្រាប់បង្កភាពងាយស្រួលក្នុងការចេញចូលផ្ទះរបស់ពួកគាត់ផងដែរ និងលម្អសោភ័ណភាពតាមដងផ្លូវផង។ សកម្មភាពរបស់ប្រជាពលរដ្ឋបែបនេះ គឺបង្ហាញពីការចូលរួមយ៉ាងសស្រាក់សស្រាំក្នុងកិច្ចការសាធារណៈជាមួយអាជ្ញាធរ។

នាឱកាសនោះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានសម្ដែងការថ្លែងអំណរគុណចំពោះព្រះគ្រូមុនីសីលវង្ស តុន ពិសី ដែលតែងតែកៀរគរជំនួយពីសប្បុរសជនជិតឆ្ងាយយកមកកសាងសមិទ្ធផលនានាក្នុងមូលដ្ឋាន មានទាំងសមិទ្ធផលក្នុងវត្តអារាម និងសមិទ្ធផលសាធារណៈផ្សេងៗទៀត។

លោកអភិបាលស្រុក រួមទាំងព្រះគ្រូមុនីសីលវង្ស តុន ពិសី ក៏បានថ្លែងអំណរគុណ និងជូនពរចំពោះសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមកសាងសមិទ្ធផលសាធារណៈទាំងនោះ ខណៈការចូលរួមនេះគឺបានផ្ដល់ជាប្រយោជន៍ច្រើនណាស់សម្រាប់មូលដ្ឋានភូមិ ឃុំ នៅស្រុកតាំងគោក និងបានសំណូមពរដល់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្ស៕


ដោយ ស៊ុម វណ្ណា





